Monday, July 28, 2025
Homeព័ត៌មានជាតិប្រពន្ធលើកទោសម្តងហើយមិនព្រមរាង ប្តឹងដាក់គុក

ប្រពន្ធលើកទោសម្តងហើយមិនព្រមរាង ប្តឹងដាក់គុក

ភ្នំពេញ ៖ បុរសជាប្តីម្នាក់ដែលដេកមមើវ៉ៃប្រពន្ធ១ដៃ លុះប្រពន្ធសួរនាំបែរជាទាញកាំបិត២ មកគំរាមអារកសម្លាប់ប្រពន្ធកូនចោល ធ្វើឱ្យស្ត្រីជាប្រពន្ធភ័យលស់ព្រលឹង ប្តឹងសមត្ថកិច្ចឱ្យកោះហៅទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាតទៅទៀត កាលពីសប្តាហ៍មុន ស្រាប់តែត្រឡប់ទៅដល់ផ្ទះវិញ មិនត្រឹមតែមិនរាងចាលប៉ុណ្ណោះទេ ថែមទាំងខ្លាំងដៃលើសដើម បន្តវាយដំច្រំធាក់ប្រពន្ធគ្មានក្តីមេត្តា រហូតប្រពន្ធអស់ខន្តី ដាច់ចិត្តប្តឹងសមត្ថកិច្ចឱ្យចាប់ប្តីកំណាច យកទៅចាត់ការតាមច្បាប់តែម្តង។

បុរសជាប្តីកំណាចខាងលើ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច បន្ទប់ជួលលេខ៤២ ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីហេងស៊យ ដែលចូលចិត្តប្រើដៃជើងដោះស្រាយបញ្ហាជាមួយប្រពន្ធ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆៃ ចន្តា អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិចំការលើ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ដែលទទួលរងការធ្វើទុក្ខបុកម្នេញ ប្រើអំពើហិង្សាពីប្តីមិនចេះចប់មិនចេះហើយ មានឈ្មោះប៊ូ ហុង អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ប្តីប្រពន្ធអ្នកទាំងពីរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាប់ខ្លួន ម្តងរួចមកហើយ បន្ទាប់ពីស្ត្រីជាប្រពន្ធ ប្តឹងសុំអន្តរាគមន៍ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ ដោយនាងបានអះអាងថា ប្តីកំណាចរូបនេះបានវាយធ្វើបាបនាងជាញឹកញាប់រយៈពេល៤ឆ្នាំមកហើយ។ ប៉ុន្តែក្រោយពេលឃាត់ខ្លួនដល់ប៉ុស្តិ៍ចោមចៅ២ ស្ត្រីជាប្រពន្ធបានសុំសមត្ថកិច្ច ត្រឹមអប់រំ និងឱ្យប្តីធ្វើកិច្ចសន្យាបញ្ឈប់ការប្រើហិង្សាបានហើយ និងសុំឱ្យដោះលែងប្តីវិញ ដោយមិនបានប្តឹងផ្តល់ទៀតឡើយ ព្រោះចង់ទុកពេលឱ្យប្តីនេះបានកែខ្លួន។

ប្រភពដដែលបន្តថា លុះក្រោយពេលដែលសមត្ថកិច្ច យល់ព្រមតាមសំណូមពររបស់ស្ត្រីរងគ្រោះជាប្រពន្ធ ដោះលែងជនដៃដល់ជាប្តី ឱ្យត្រឡប់ទៅរួមរស់ជុំគ្នាវិញ ដោយគ្រាន់តែអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សារួចមក ស្រាប់តែ១សប្តាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យមិនបានកែខ្លួនឡើយ ផ្ទុយទៅវិញ ថែមទាំងបានវាយដំច្រំធាក់ប្រពន្ធដដែល ទើបត្រូវស្ត្រីរងគ្រោះដាច់ចិត្តប្តឹងសមត្ថកិច្ច ចាប់ខ្លួនប្តីកំណាចម្តងទៀត ហើយលើកនេះលែងមានវាសនារួចខ្លួនដូចលើកមុនទៀតហើយ ដោយសារស្ត្រីរងគ្រោះជាប្រពន្ធបានស្នើ ឱ្យសមត្ថកិច្ចចាត់ការប្តីនេះតាមច្បាប់តែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ មានអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង នៅចំណុចបន្ទប់ជួលលេខ៤២ ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសជាប្តីម្នាក់ បានដេកមមើរ៉ៃប្រពន្ធ១ដៃ លុះប្រពន្ធ ឆ្ងល់សួរនាំ ស្រាប់តែប្តីកំណាចផ្ទុះកំហឹង ស្ទុះទៅទាញកាំបិត២មកគំរាមអារកសម្លាប់ប្រពន្ធកូនចោល ធ្វើឱ្យស្ត្រីជាប្រពន្ធភ័យលស់ព្រលឹង ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងនិងប្តីហេងស៊យខាងលើនេះ បានរួមរស់នឹងគ្នាអស់រយៈពេល៤ឆ្នាំមកហើយ និងបង្កើតបានកូនស្រីម្នាក់អាយុមិនទាន់បាន១ខួបផង។ ជីវិតប្តីប្រពន្ធនាង តាំងពីចាប់ដៃគ្នាមក ឃើញថាជួបតែរឿងរកាំរកូសច្រើនជាងសុភមង្គល ដោយសារតែប្តីគឺជាមនុស្សគ្មានការងារធ្វើ ចូលចិត្តដើរលេងប៉ោឡែ ចរិតជាក្មេងស្ទាវមិនព្រមកែ ណាមួយមានចិត្តកោងកាច ចេះតែរករឿងប្រចណ្ឌ ប្រើអំពើហិង្សាដាក់ប្រពន្ធកូនជាញឹកញាប់។

ស្ត្រីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ខណៈដែលនាងនិងប្តីកំពុងដេកក្បែរគ្នា រួមនឹងកូនស្រីតូចផងនោះ ស្រាប់តែនៅសុខៗ ប្តីនាងបានកើតអាការៈមមើ វាយចំខ្នងរបស់នាង១ដៃ ទើបនាងនឹកឆ្ងល់ និងស្មានថាប្តីមានរឿងអ្វីដាស់នាង ក៏សួរទៅប្តីវិញថា ហេតុអ្វីបានជាមកវាយខ្នងរបស់នាង ស្រាប់តែបុរសជាប្តីកំណាច បានស្ទុះក្រោយទាំងមមិងមមាំង ទៅទាញកាំបិតចំនួន២ដើម មកគំរាមអាករនាងនិងកូនស្រី រួចបោះពាក្យសម្តីថា “អញឱ្យងាប់ពេលណាងាប់ពេលហ្នឹង…”។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ដោយមានការភិតភ័យជាខ្លាំង ណាមួយនៅក្នុងបន្ទប់មានទាំងកូនតូចផង ទើបនាងមិនហ៊ានតបតអ្វីជាមួយប្តីវិញឡើយ ព្រោះខ្លាចប្តីហេងស៊យទប់កំហឹងមិនបាន អារកសម្លាប់នាងនិងកូនស្រីចោល ទើបចេះតែសម្ងំស្ងៀម។ លុះក្រោយមក នាងក៏បានរៀបរាប់ប្រាប់អ្នកជិតខាង ឱ្យជួយរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង៕

RELATED ARTICLES