Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីហ៊្វីលីពីន បញ្ជូនទ័ពទៅប្រយុទ្ធជាមួយពួកសកម្មយុទ្ធ ក្នុងប្រទេសហ្ស៊កដានី

ប្រធានាធិបតីហ៊្វីលីពីន បញ្ជូនទ័ពទៅប្រយុទ្ធជាមួយពួកសកម្មយុទ្ធ ក្នុងប្រទេសហ្ស៊កដានី

បន្ទាប់ពីចុះកិច្ចព្រមព្រៀងធ្វើសហប្រតិបត្តិការយោធាដ៏ស៊ីជម្រៅមួយ ជាមួយបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា លោក ឌូតឺតេ (Duterte) ប្រធានាធិបតីហ៊្វីលីពីន មានគម្រោងបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់ប្រទេសហ្ស៊កដានី ដើម្បីជួយប្រយុទ្ធជាមួយពួកសកម្មយុទ្ធរដ្ឋអ៊ិស្លាម។

នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃសុក្រ ទី07 ខែកញ្ញា ឆ្ន្នាំ 2018។

ប្រទេសទាំងពីរកំពុងតែរងឥទ្ធិពលខ្លាំងពីពួកសកម្មយុទ្ធរដ្ឋអ៊ិស្លាម ហើយប្រទេសហ្ស៊កដានី បានដើរតួនាទីយ៉ាងសំខាន់ សហការជាមួយកម្លាំងចម្រុះអន្តរជាតិ ខណៈពេលដែលប្រទេសហ៊្វីលីពីន បានចាប់ដៃធ្វើសង្គ្រាមជាមួយពួកឧទ្ទាមជ្រុលនិយមរដ្ឋអ៊ិស្លាម អស់រយៈពេល5ខែ នៅភាគខាងត្បូងនៃប្រទេស។ នេះគឺជាជម្លោះមួយដ៏អាក្រក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី2។

នៅក្នុងវេទិកាជំនួញ កាលពីថ្ងៃព្រហស្បតិ៍ ទី06 ខែកញ្ញា ឆ្នាំ2018 នៅទីក្រុង Amman ប្រទេសហ្ស៊កដានី លោកឌូតឺតេ បានថ្លែងថា ប្រសិនបើប្រទេសរបស់អ្នកខ្វះខាតកងទ័ព ដើម្បីប្រយុទ្ធជាមួយពួកសកម្មយុទ្ធរដ្ឋអ៊ិស្លាម សូមមេត្តាប្រាប់ខ្ញុំឱ្យដឹង។ ហ៊្វីលីពីន ត្រៀមជួយអ្នកជានិច្ច ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

កាលពីដើមឆ្នាំនេះ ប្រទេសហ្ស៊កដានី បានប្រកាសថា ខ្លួននឹងផ្តល់ឧទ្ធម្ភាគចក្រចម្បាំង ពីរគ្រឿង ដើម្បីជួយប្រយុទ្ធដល់ពួកសកម្មយុទ្ធនៅភាគខាងត្បូង នៃប្រទេសហ៊្វីលីពីន។

លោកឌូតឺតេ កំពុងតែបំពេញទស្សនកិច្ចរយៈពេល6ថ្ងៃ ទៅកាន់ប្រទេសហ្ស៊កដានី និងអ៊ីស្រាអ៊ែល ហើយទូរទស្សន៍រដ្ឋរបស់ហ៊្វីលីពីន កំពុងតែមមាញឹកផ្សព្វផ្សាយអំពីទស្សនកិច្ចនេះ។

ជាមួយគ្នានោះដែរ លោកក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រទេសអ៊ីស្រាអ៊ែល ដើម្បីទិញអាវុធធុនតូច រថពាសដែក និងសម្ភារៈយោធាមួយចំនួនទៀត៕

RELATED ARTICLES