យោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃេនេះ បានឱ្យដឹងថា មហាសេដ្ឋីជេកម៉ា (Jack Ma)ប្រកាសលាលែងតំណែងប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Alibaba នៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយ។
មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ៤២០ពាន់លានដុល្លារ បានប្រកាសជាផ្លូវការហើយថា លោកនឹងចូលនិវត្តន៍ពីមុខជំនួញចំថ្ងៃគម្រប់ខួបកំណើតវ័យ៥៤ឆ្នាំ ហើយលោកនឹងយកពេលវេលានេះមកផ្តោតអារម្មណ៍ទៅលើការងារសប្បុរសធម៌ និងអប់រំម្តង។
អតីតគ្រូបង្រៀនភាសាអង់គ្លេស បានលះបង់អាជីពបង្រៀន ហើយបានសហការជាមួយមិត្តភក្តិផ្សេងទៀត បង្កើតក្រុមហ៊ុន Alibaba ធ្វើជំនួញតាមប្រព័ន្ធអ៊ីនធើរណេត តាំងពីឆ្នាំ១៩៩៩។
បន្ទាប់ពីប្រកាសចូលនិវត្តន៍ អតីតអ្នកជំនួញដ៏ឆ្នើមរូបនេះ ក៏បានបង្ហើបឱ្យដឹងដែរថា លោកអាចនឹងវិលត្រឡប់ទៅរកអាជីបបង្រៀន វិញ នៅថ្ងៃណាមួយ។ បើទោះជាមិនបង្រៀនភាសាអង់គ្លេស លោកអាចនឹងចាប់ផ្តើមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ពាក់ព័ន្ធទៅនឹងមុខជំនួញ។
ទោះជាយ៉ាងណាក្តី លោកជេកម៉ា នៅតែមានតួនាទីជាក្រុមប្រឹក្សាក្រុមហ៊ុន Alibaba ដដែល។ ការប្រកាសចូលនិវត្តន៍របស់មហាសេដ្ឋីរូបនេះ ស្របពេលដែលស្ថានភាពពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មទៅវិញទៅមក។ សហរដ្ឋអាមេរិក គ្រោងនឹងដំឡើងពន្ធ២០០ពាន់លានដុល្លារ ទៅលើមុខទំនិញចិន។
យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា លោកជេកម៉ា គឺជាមហាសេដ្ឋីលំដាប់ទី៣ នៅក្នុងប្រទេសចិន និងចំណាត់ថ្នាក់ទី២០ នៅលើពិភពលោក៕