អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកប៉ារ៉ាក់ អូបាម៉ា បានស្តីបន្ទោស និងប្រយុទ្ធប្រឆាំងជាមួយប្រធានាធិបតីដូណាល់ ត្រាំ និងពួកសាធារណរដ្ឋ ហើយជំរុញឱ្យសមាជិកមកពីគណបក្សប្រជាធិបតេយ្យ ចាប់ផ្តើមត្រួតពិនិត្យទៅលើរដ្ឋបាលដឹកនាំរបស់ដូណាល់ ត្រាំ ឡើងវិញ ដែលលោកប៉ារ៉ាក់ អូបាម៉ា ចោទប្រកាន់ថា ជាការរំលោភអំណាច។
លោកប៉ារ៉ាក់ អូបាម៉ា បានថ្លែងថា ក្នុងអាណត្តិដឹកនាំរបស់លោកដូណាល់ ត្រាំ ពលរដ្ឋអាមេរិកាំង កំពុងរស់នៅក្នុងយុគសម័យដ៏គ្រោះថ្នាក់ ហើយជាមួយគ្នានោះដែរ លោកក៏បានចោទប្រកាន់សមាជិកសភា និងព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ ថា បានគំរាមកំហែងទៅលើពួកប្រជាធិបតេយ្យ។
គណបក្សទាំងពីរកំពុងតែជំរុញឱ្យអ្នកគាំទ្រសំខាន់ៗរបស់ពួកគេ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខ។ គណបក្សប្រជាធិបតេយ្យ ត្រូវការសំឡេង២៣កៅអី នៅក្នុងសភាជាន់ទាប និង២កៅអីបន្ថែមទៀត នៅក្នុងព្រឹទ្ធសភា ដើម្បីទទួលបានសំឡេងភាគច្រើន ប្រឆាំងទៅនឹងលោកដូណាល់ ត្រាំ។
ថ្លែងទៅកាន់និស្សិតនៅក្នុងសាកលវិទ្យាល័យ រដ្ឋអ៊ីលីណយ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ស្បែកខ្មៅរូបនេះ ក៏បានសើចចំអកទៅឱ្យលោកដូណាល់ ត្រាំ ពាក់ព័ន្ធទៅនឹងកំណើនសេដ្ឋកិច្ច និងវិបត្តិឥតឈប់ឈរ សង្គ្រាមពាណិជ្ជកម្ម រវាងចិន និងអាមេរិក៕