កាលពីថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ តុលាការសិង្ហបុរី បានបញ្ជាឱ្យប្រគល់ប្រាក់ជាង១០លានដុល្លារ ទៅឱ្យប្រទេសម៉ាឡេស៊ី វិញ បន្ទាប់ពីរកឃើញថា លុយទាំងនេះជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយមូលនិធិអភិវឌ្ឍន៍ប្រទេសម៉ាឡេស៊ី នៅក្នុងរបបដឹកនាំរបស់លោកណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្ន្នាំ២០១៨។
សិង្ហបុរី ស្ថិតនៅក្នុងចំណោមប្រទេសយ៉ាងហោច៦ ដែលត្រូវបានគេបើកការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងសំណុំរឿងពុករលួយមូលនិធិអភិវឌ្ឍន៍ម៉ាឡេស៊ី ដែលមានទឹកប្រាក់៤,៥ពាន់លានដុល្លារ។ ប្រទេសទាំង៦ ដែលត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធទៅនឹងមូលនិធិអភិវឌ្ឍន៍ មានដូចជា Swiss, USA, Singapore, England, Luxembourg និង Emirate Arab។
កាលពីឆ្នាំ២០១៦ អាជ្ញាធរសិង្ហបុរី បាននិយាយថា ពួកគេបានរឹបអូសលុយបានចំនួន២៤០លានដុល្លារ និងទ្រព្យសម្បត្តិជាច្រើនទៀត ដែលជាលទ្ធផលបានមកពីការស៊ើបអង្កេតទៅលើមូលនិធិអភិវឌ្ឍន៍ម៉ាឡេស៊ី ដែលត្រូវបានគេផ្ទេរចូលទៅក្នុងប្រទេសសិង្ហបុរី។
កាលពីខែឧសភា សិង្ហបុរី និងម៉ាឡេស៊ី បានយល់ព្រមធ្វើសហប្រតិបត្តិការបញ្ជូនលុយទាំងនោះ មកឱ្យរដ្ឋាភិបាលម៉ាឡេស៊ី វិញ ហើយតុលាការក៏បានបញ្ជាឱ្យបញ្ជូនលុយទាំងនោះចេញពីប្រទេសសិង្ហបុរី។
លោក Tan ម្ចាស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បាននិយាយថា លុយទាំងនោះត្រូវបានគេរកឃើញជាប្រភេទរូបិយប័ណ្ណផ្សេងៗពីគ្នា។
សិង្ហបុរី បានចាត់វិធានការណ៍តឹងតែងប្រឆាំងទៅនឹងធនាគារជាច្រើន ដែលបានរំលោភច្បាប់ ទទួលយកលុយពីប្រទេសម៉ាឡេស៊ី ហើយក៏បានបញ្ជាឱ្យបិទធនាគារមួយចំនួនផងដែរ។
គួររំលឹកថា នៅក្នុងអាណត្តិដឹកនាំរបស់លោកណាជីប រ៉ាហ្សាក់ ពោរពេញទៅដោយសំណុំរឿងពុករលួយ ជាពិសេស គឺសំណុំរឿងពុករលួយមូលនិធិអភិវឌ្ឍន៍ជាតិ (1MDB)។
ជាលទ្ធផល ក្រោយពីចាញ់ឆ្នោត ធ្លាក់តំណែងនាយករដ្ឋមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ី បានរឹបអូសទ្រព្យសម្បត្តិ បានជាច្រើនរយលានដុល្លារ ពីលោកណាជីប រ៉ាហ្សាក់ ព្រមទាំងកាត់ទោសឱ្យអតីតនាយករដ្ឋមន្ត្រីរូបនេះ ជាប់គុកផងដែរ៕