យោងតាមមន្ត្រីអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា របៀបវារៈសម្រាប់ជំនួបប្រជុំកំពូល រវាងលោកមូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលនឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ គឺការកាត់រំសាយអាវុធនុយក្លេអ៊ែរ។
នេះបើយោងតាមប្រភពព័ត៌មាន RT ចេញ ផ្សាយកាលពីថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
លោកមូន ជេអ៊ីន នឹងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង នៅថ្ងៃនេះ សម្រាប់កិច្ចប្រជុំកំពូលលើកទី៣ ជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដើម្បីស្វែងរកការធ្វើឱ្យប្រសើរឡើងចំណងការទូតនៅក្នុងឧបទ្វីបកូរ៉េ បើទោះជាដំណើរការកាត់រំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលបានមកពីកិច្ចព្រមព្រៀងប្រជុំកំពូល រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន កាលពីថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី កំពុងជាប់គាំងក៏ដោយ។
លោក Jong Seok ប្រធានបុគ្គលិករបស់ប្រធានាធិបតី មូន ជេអ៊ីន បានថ្លែងប្រាប់អ្នកកាសែតថា កិច្ចប្រជុំនេះ និងជំរុញឱ្យកូរ៉េខាងជើង ចាប់ផ្តើមកាត់រំសាយអាវុធនុយក្លេអ៊ែរ និងបង្កើតឱ្យមានទំនាក់ទំនងសន្តិភាពថ្មី រវាងប្រទេសទាំងពីរ។
បើទោះជាមានកិច្ចប្រជុំ និងកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ក្នុងការកាត់រំសាយអាវុធនុយក្លេអ៊ែរយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះសកម្មភាពជាក់ស្តែងរបស់កូរ៉េខាងជើង ក្នុងការកាត់រំសាយអាវុធនុយក្លេអ៊ែរ មិនទាន់ទទួលបានផ្លែផ្កាជាដុំកំភួននោះទេ។
ផ្ទុយទៅវិញ ប្រទេសទាំងពីរ តែងតែចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងចេតនាកាត់រំសាយអាវុធនុយក្លេអ៊ែរ។
ទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង ម្តងក្តៅម្តងត្រជាក់ ដែលមិនទាន់រកច្រកចេញបាននៅឡើយទេ៕