សម្រាប់កិច្ចប្រជុំកំពូលថ្ងៃទី02 រវាងមេដឹកនាំកូរ៉េខាងត្បូង លោកមូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចេញសេចក្តីថ្លែងការណ៍រួម ជាមួយនឹងការប្តេជ្ញាចិត្តកាត់បន្ថយភាពតានតឹងផ្នែកយោធា នៅតាមបណ្តោយព្រំដែនឧបទ្វីបកូរ៉េ។
នេះបើយោងតាមការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន ដែលបានថ្លែងប្រាប់សារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃពុធ ទី19 ខែកញ្ញា ឆ្នាំ2018។
លោកមូន ជេអ៊ីន បានបន្តទៀតថា “គោលការណ៍រួមនៅក្នុងជំនួបនេះ យើងសម្រេចបានលទ្ធផលល្អប្រសើរ នៅយន្តការធំៗជាច្រើនចំណុច ដែលក្នុងនោះ រួមមានប្រែក្លាយឧបទ្វីបកូរ៉េ ឱ្យទៅជាដែនដីសន្តិភាព គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការគំរាមកំហែងផ្នែកយោធា”។
ជាមួយគ្នានោះដែរ មេដឹកនាំទាំងពីរ ក៏បានយល់ព្រមបិទទីតាំងធ្វើតេស្តមីស៊ីលដ៏ធំមួយកន្លែងរបស់ប្រទេសកូរ៉េខាងជើង។
លោកមូន បាននិយាយថា “គីម ជុងអ៊ុន បានយល់ព្រមបិទទីតាំងធ្វើតេស្តមីស៊ីល Tong- chang-Ri និងយល់ព្រមឱ្យមានអ្នកជំនាញអន្តរជាតិ ចូលមកពិនិត្យជាក់ស្តែងផងដែរ”។
ទីតាំងធ្វើតេស្តមីស៊ីល Tongchang-Ri បានបង្កើតឡើងតាំងពីឆ្នាំ2012 ដែលជាទីតាំងធំបំផុតរបស់កូរ៉េខាងជើង។ គ្នុងឋានៈជាប្រធានាធិបតីទីមួយ របស់កូរ៉េខាងត្បូង ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង គិតចាប់តាំងពីឆ្នាំ2007 លោកមូន ជេអ៊ីន បានថ្លែងថា “សគរាជ នៃដែនដីគ្មានសង្គ្រាមរបស់បងប្អូនកូរ៉េ បានចាប់ផ្តើមហើយ។ ថ្ងៃនេះបងប្អូនទាំងពីរ បានសម្រេចចិត្តលុបចោលការគំរាមកំហែងគ្នាទៅវិញទៅមក ដែលអាចឈានទៅរកសង្គ្រាមនៅក្នុងឧបទ្វីបកូរ៉េ”។
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរ បានសន្យាអនុវត្តន៍នូវគោលការណ៍សំខាន់ៗដូចតទៅ ៖
-ស្នើសុំដេញថ្លៃធ្វើម្ចាស់ផ្ទះ រួមគ្នា កីឡាអូឡាំពិករដូវក្តៅ 2032។
-កសាងផ្លូវដែក និងផ្លូវថ្នល់តភ្ជាប់រវាងកូរ៉េខាងជើង និងខាងត្បូង នៅឆ្នាំក្រោយ។
-បញ្ឈប់ការធ្វើសមយុទ្ធយោធា នៅតាមបណ្តោយខ្សែបន្ទាត់គ្មានយោធា ដែលប្រទេសទាំងពីរបានបែងចែកគ្នា កាលពីខែវិច្ឆិកា ឆ្នាំ 2017។
-ដកប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងតំបន់គ្មានយោធា ចំនួន11 នៅដំណាច់ឆ្នាំនេះ។
-ធ្វើឱ្យមានភាពប្រក្រតីឡើងវិញ រវាងមជ្ឈមណ្ឌលឧស្សាហកម្ម កៃសង់ និងគម្រោងទេសចរណ៍ គុំគាំង ឱ្យបានកាន់តែឆាប់។
ទាក់ទងទៅនឹងលទ្ធផលប្រជុំនេះ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានផ្ញើសារអបអរសាទរ ដោយសារតែជំនួបប្រជុំនេះ វាគឺជាការបើកផ្លូវសម្រាប់ឱ្យមានជំនួបលើកទី2 រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដែលអាចធ្វើឡើងនៅចុងឆ្នាំនេះ៕