យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃពុធ ទី19 ខែកញ្ញា ឆ្នាំ2018 បានឱ្យដឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចាប់ផ្តើមសកម្មភាពស៊ើបអង្កេតបឋម ទៅលើបទឧក្រិដ្ឋប្រឆាំងទៅលើជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា។
សកម្មភាពនេះ គឺជាការត្រួសត្រាយផ្លូវដើម្បីបើកទៅរកការស៊ើបអង្កេតពេញលេញមួយ ចំពោះការបង្ក្រាបដ៏បង្ហូរឈាមរបស់យោធាមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងជាង70ម៉ឺននាក់ រត់ភៀសខ្លួនទៅប្រទេសបង់ក្លាដេស។
កាលពីខែមុន រដ្ឋាភិបាលមីយ៉ាន់ម៉ា បានច្រានចោលរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ដែលបានអំពាវនាវស្នើសុំឱ្យមានការកាត់ទោសមេដឹកនាំយោធាកំពូលៗរបស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ទាក់ទងទៅនឹងការចោទប្រកាន់នេះ មន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា បានឆ្លើយការពារខ្លួនថា មិនបានជាប់ពាក់ព័ន្ធទៅនឹងការធ្វើទុក្ខបុកម្នេញជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នោះទេ។
ទោះជាយ៉ាងណាក្តី របាយការណ៍របស់យោធា ដែលថ្លែងការពារខ្លួនបែបនេះ ត្រូវបានក្រុមអង្គការសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំង។
កាលពីថ្ងៃអង្គារ លោកស្រី Bensouda ព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានថ្លែងថា នេះគឺជាជំហានដំបូង និងការស៊ើបអង្កេតបឋម ដើម្បីឆ្ពោះទៅរកការស៊ើបអង្កេតពេញលេញមួយពាក់ព័ន្ធទៅនឹងការសម្លាប់ អំពើហិង្សាផ្លូវភេទ ការបង្ខំឱ្យជម្លៀសខ្លួន ការលួចប្លន់ និងការបំផ្លាញលំនៅដ្ឋានរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕