គិតមកត្រឹមរសៀលថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨ ចំនួនអ្នកស្លាប់ដោយគ្រោះធម្មជាតិរញ្ជួយដី និងស៊ូណាមិ នៅប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់១២០០នាក់។
នេះបើយោងតាមមន្ត្រីសង្គ្រោះបន្ទាន់ ក្នុងតំបន់បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃអង្គារនេះ។
តុល្យការចំនួនអ្នកស្លាប់កើនឡើងនោះ បានកើតឡើងក្រោយពីក្រុមសង្គ្រោះ បានរកឃើញសាកសពយុវជនចំនួន៣៤នាក់ ដែលទៅសិក្សាព្រះគម្ពីរនៅព្រះវិហារ ខណៈដែលយុវជន៨៦នាក់ទៀត ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួននៅឡើយ។
យោងតាមអ្នកនាំពាក្យក្រសួងគ្រោះមហន្តរាយ បានឱ្យដឹងដែរថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងថែមទៀត ដោយសារតែអ្នកជួយសង្គ្រោះមិនទាន់បានទៅដល់នៅតាមតំបន់ដាច់ស្រយាលនៅឡើយ។
ក្រសួងដដែលនេះ នៅតែមានក្តីបារម្ភថា អ្នកនៅមានជីវិតមួយចំនួន កំពុងជាប់នៅក្រោមអគារបាក់បែក។
ពាក់ព័ន្ធទៅនឹងហេតុការណ៍នេះដែរ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីឥណ្ឌ្ឌូណេស៊ី ក៏បានអំពាវនាវឱ្យអង្គការជាតិ និងអន្តរជាតិ លើពិភពលោក បញ្ជូនអ្នកសង្គ្រោះមកប្រទេសឥណ្ឌូណេស៊ី។
ចំនួនអ្នកស្លាប់ភាគច្រើន ត្រូវបានគេរកឃើញនៅក្នុងទីក្រុងបាលូ ដែលជាទីក្រុងតូចមួយ មានចម្ងាយ១៥០០គីឡូម៉ែត្រ ភាគឦសាន ទីក្រុងហ្សាកាតា។
ឥណ្ឌូណេស៊ី គឺជាប្រទេសមួយដែលរងគ្រោះដោយសារការរញ្ជួយដី ញឹកញាប់បំផុត កាលពីឆ្នាំ២០០៤ រលកយក្សស៊ូណាមិ ដែលបានវាយប្រហារពាសពេញតំបន់មហាសមុទ្រឥណ្ឌា បានសម្លាប់មនុស្សជាង២២ម៉ឺននាក់ នៅក្នុងប្រទេសចំនួន១៣ ដែលក្នុងនោះ ប្រទេសឥណ្ឌូណេស៊ី បានស្លាប់បាត់បង់ជីវិត ចំនួន១២ម៉ឺននាក់៕