Friday, July 4, 2025
Homeព័ត៌មានជាតិស្លាប់១៨ របួស១៧៨នាក់ ក្នុងហេតុការណ៍រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ នៅតៃវ៉ាន់

ស្លាប់១៨ របួស១៧៨នាក់ ក្នុងហេតុការណ៍រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ នៅតៃវ៉ាន់

យោងតាមអាជ្ញាធរក្នុងតំបន់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្ន្នាំ២០១៨ នេះថា យ៉ាងហោចណាស់មនុស្ស១៨នាក់ បានស្លាប់បាត់បង់ជីវិត និង១៧៨នាក់ផ្សេងទៀត បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍រថភ្លើងមួយខ្សែក្រឡាប់ធ្លាក់ពីផ្លូវដែក នៅភាគឦសាន ប្រទេសតៃវ៉ាន់។

អាជ្ញាធរដដែលនោះ បានឱ្យដឹងទៀតថា រថភ្លើងនេះធ្វើដំណើរចេញពីទីក្រុង Shulin ឆ្ពោះទៅកាន់ទីក្រុង Taipung ដោយផ្ទុកអ្នកដំណើរ៣៦៦នាក់ បានបើកធ្លាក់ផ្លូវនៅក្នុងតំបន់ Yilan កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ (ម៉ោងនៅកោះតៃវ៉ាន់) ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានកូនក្មេងចំនួន៣នាក់ផងដែរ ។

នេះគឺជាសោកនាដកម្មមួយដ៏ធ្ងន់ធ្ងរបំផុតរបស់កោះតៃវ៉ាន់ ក្នុងរយៈពេល២៧ឆ្នាំចុងក្រោយនេះ។ ក្នុងចំណោមទូរថភ្លើងទាំង៨ ដែលរត់ខុសផ្លូវនោះ ទូ៥ ត្រូវបានក្រឡាប់ខ្ទាតឆ្ងាយចេញពីផ្លូវ។

ទាក់ទងទៅនឹងមូលហេតុនៃការក្រឡាប់រថភ្លើងនេះ មិនទាន់ត្រូវបានគេដឹងឱ្យច្បាស់នោះទេ ខណៈដែលក្រុមស៊ើបអង្កេត កំពុងប្រមូលព័ត៌មាន។

នៅក្នុងសន្និសីទកាសែត នៅថ្ងៃចន្ទ នេះ មន្ត្រីក្រសួងដឹកជញ្ជូន កំពុងពិនិត្យមើលទៅលើល្បឿននៃការបើកបររថភ្លើង ថាជាកត្តាចម្បងដែលបណ្តាលឱ្យមានការក្រឡាប់រថភ្លើងនេះ។

ដោយឡែក លោក Lai Sui-chin អនុប្រធានក្រសួងសាធារណការ ទទួលបន្ទុកផ្នែកបច្ចេកទេស បាននិយាយថា សម្ពាធខ្យល់នៅក្នុងហ្វ្រាំង គឺមិនគ្រប់គ្រាន់ដែលធ្វើឱ្យរថភ្លើង មិនអាចផ្ទប់លំនឹងបាន។

លោកបានបន្ថែមទៀតថា ប្រសិនបើមានសម្ពាធខ្សោយបែបនេះ គឺមានគ្មានកម្លាំងគ្រប់គ្រាន់ ក្នុងការចាប់ហ្វ្រាំងឱ្យជាប់នោះទេ។

ដោយឡែក អ្នកដំណើរម្នាក់ ដែលសុំមិនបញ្ចោញឈ្មោះបានប្រាប់អ្នកសារព័ត៌មានថា រទេះភ្លើងនេះបានឈប់ពីរបីដងក្នុងអំឡុងពេលធ្វើដំណើរ ខ្ញុំមានអារម្មណ៍ថា ល្បឿនរបស់វា គឺលឿនខ្លាំង ហើយបន្ទាប់មកក៏បានបើកធ្លាក់ផ្លូវតែម្តង៕

RELATED ARTICLES