ដោយសារតែម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ភាគច្រើនបានទៅលើកីឡាករ២រូបប៉ុណ្ណោះ គឺ Christino Ronaldo និង Lionel Messi ហេតុដូច្នេះហើយបានខ្សែប្រយុទ្ធ Antoine griezmann មកពីក្លឹប At Madrid សុបិនចង់កាន់ពាននេះម្តង សម្រាប់ឆ្នាំនេះ។
Antoine griezmann បាននិយាយថា “ឈ្នះពានរង្វាន់បាល់មាស Ballon d’Or អាចធ្វើសុបិនរបស់ខ្ញុំក្លាយមកជាការពិត”។
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ ដែលធ្លាប់ជួយក្រុមជម្រើសជាតិបារាំង ឈ្នះពានបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី និងជួយឱ្យក្លឹប At Madrid ឈ្នះ Europa League ជាប់ជាបេក្ខភាពសម្រាប់ពានរង្វាន់បាល់មាសនៅឆ្នាំនេះ។
កាលពីឆ្នាំ២០១៦ កីឡាករសញ្ជាតិបារាំង រូបនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី Messi និង Ronaldo។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ ESPN កីឡាករ Griezmann បានថ្លែងថា “ក្តីសុបិនរបស់ខ្ញុំមានច្រើនណាស់ គឺចង់ឈ្នះពានបាល់មាស ឆេមពានលីក ពានរង្វាន់បាល់ទាត់ពិភពលោក និងមានកូនប្រុស-ស្រី ៣នាក់”។
គួររំឭកថា ពានរង្វាន់បាល់មាស បច្ចុប្បន្នកំពុងគ្រប់គ្រងដោយកីឡាករ Ronaldo។ Ronaldo ធ្លាប់ជាប់ពាននេះ៥ដង ស្មើ Messi ដែរ៕