នៅក្នុងពិធីតាំងពិព័រណ៌ពាណិជ្ជកម្ម នៅទីក្រុងសៀងហៃ លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងថា ប្រទេសចិន បានសន្យាកាត់បន្ថយពន្ធនាំចូលឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន និងបើកជំហរសេដ្ឋកិច្ច ដើម្បីទាក់ទាញវិនិយោគទុន ស្របពេលដែលប្រទេសរបស់លោក កំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។
ការប្តេជ្ញាកាត់បន្ថយពន្ធ ក៏ដោយសារប្រទេសនេះធ្លាប់ទទួលរងការរិះគន់ពីបណ្តាប្រទេសជាច្រើន ជាពិសេស សហរដ្ឋអាមេរិក ដែរថា មានភាពអយុត្តិធម៌ទៅលើការធ្វើជំនួញជាមួយប្រទេសនេះ។
ថ្លែងនៅចំពោះមុខអ្នកវិនិយោគទុន លោកស៊ី ជីនពីង បានឱ្យដឹងថា “ប្រទេសចិន នឹងផ្តោតអារម្មណ៍ទៅលើការវិនិយោគផ្នែកអប់រំ ទូរគមនាគមន៍ និងវិស័យវប្បធម៌ ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុនបរទេស និងការដាក់ទណ្ឌកម្មចំពោះការរំលោភកម្មសិទ្ធិបញ្ញា”។
ជាមួយគ្នានោះដែរ លោកស៊ី ជីនីពីង រំពឹងថា “ចិន នឹងនាំចូលមុខទំនិញ៣០ទ្រីលានដុល្លារ និង១០ទ្រីលាន ក្នុងរយៈពេល១០ឆ្នាំខាងមុខ”។
ប្រទេសចិន និងអាមេរិក មានជម្លោះគ្នាសង្គ្រាមពាណិជ្ជកម្មទៅលើពន្ធនាំចូល អស់រយៈពេលជិត១ឆ្នាំហើយ។
គេនៅចាំបានថា រហូតមកដល់ពេលនេះ អាមេរិក បានដំឡើងពន្ធនាំចូលជាង២៥៥ពាន់លានដុល្លារ ឯចិន វិញ បានវាយបកទៅអាមេរិក ជាមួយការដំឡើងពន្ធនាំចូល១៣០លានដុល្លារ។
ជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អាចនឹងត្រូវបានដោះស្រាយនៅចុងខែវិច្ឆិកា នេះ នៅក្នង្នុជំនួបប្រជុំ G-20 នៅប្រទេសអាហ្សង់ទីន៕