កាលពីថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងជួបជាមួយមេដឹកនាំកំពូលលំដាប់ទី២ លោកគីម យ៉ុងឆុល របស់ប្រទេសកូរ៉េខាងជើង នៅក្នុងទីក្រុងញូវយ៉ក ដើម្បីពិភាក្សាគ្នាស្តីអំពីការកាត់រំសាយអាវុធនុយក្លេអ៊ែរ និងពីលទ្ធភាពកំណត់ឱ្យមានកិច្ចប្រជុំកំពូលលើកទី២ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ នេះបើយោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
Mike Pompeo បានថ្លែងឱ្យដឹងទៀតថា “ខ្ញុំសង្ឃឹមថា ជំនួបជាមួយបងធំទី២ របស់កូរ៉េខាងជើង នឹងធ្វើឱ្យមានភាពរីកចម្រើន ដែលរួមបញ្ចូលទាំងកិច្ចប្រឹងប្រែងធ្វើឱ្យប្រាកដប្រជាថា ជំនួបប្រជុំកំពូលលើកទី២ រវាងមេដឹកនាំទាំងពីរ អាចនឹងកើតមានឡើងដើម្បីឈានទៅរកការកំណត់ទិសដៅច្បាស់លាស់ ក្នង្នុការកាត់រំសាយអាវុធនុយក្លេអ៊ែរ”។
គម្រោងជួបជាមួយលោកគីម យ៉ុងឆុល នៅក្នុងសប្តាហ៍នេះ នឹងកើតឡើង បន្ទាប់ពីភាគីទាំងពីរ បានជួបភាពតានតឹងអស់រយៈពេលជិត៥ខែ ក្រោយជំនួបប្រជុំនៅសិង្ហបុរី។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានព្រមានកាលពីដើមសប្តាហ៍មុនថា ទីក្រុងព្យុងយ៉ាង នឹងពិចារណាយ៉ាងល្អិតល្អន់ ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិក មិនដកទណ្ឌកម្មសេដ្ឋកិច្ច៕