យោងតាមរបាយការណ៍ថ្មីរបស់រដ្ឋាភិបាលជប៉ុន ចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្ន្នាំ២០១៨ បានឱ្យដឹងថា អត្រាធ្វើអត្តឃាតយុវវ័យរបស់ប្រទេសជប៉ុន មានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
របាយការណ៍នោះ បានឱ្យដឹងថា ក្នុងចន្លោះឆ្នាំ២០១៦-២០១៧ យុវជននិងកុមារជប៉ុន ២៥០នាក់ បានធ្វើអត្តឃាតច្រើនជាងបណ្តាឆ្នាំមុនៗ គិតចាប់តាំងពីឆ្នាំ១៩៨៦។
មន្ត្រីក្រសួងអប់រំម្នាក់ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ចំនួនអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុន បានកើនឡើងជាលំដាប់ ដែលជាបញ្ហាមួយគួរឱ្យភ្ញាក់ផ្អើល និងគួរតែដោះស្រាយ ប៉ុន្តែទាក់ទងទៅនឹងមូលហេតុនៃការធ្វើអត្តឃាតនេះ មិនត្រូវបានគេដឹងច្បាស់នៅឡើយទេ។
មន្ត្រីដដែលនោះ បានឱ្យដឹងថា ក្នុងចំណោមអ្នកធ្វើអត្តឃាត ភាគច្រើន គឺជាសិស្សវិទ្យាល័យ។
យោងទៅតាមភ្នាក់ងារប៉ូលិសជាតិ បានឱ្យដឹងថា ស្របពេលដែលកំណើនយុវជន និងកុមារ ធ្វើអត្តឃាតកើនឡើង ចំនួនអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុន បានធ្លាក់ចុះទៅវិញ បើប្រៀបធៀបឆ្នាំ២០០៣ ដែលមានចំនួន៣៤៤២៧នាក់ មកនៅត្រឹម២១៣២១នាក់ ក្នុងឆ្នាំ២០១៧។
នៅក្នុងទ្វីបអាស៊ី ប្រទេសកូរ៉េ មានអត្រាធ្វើអត្តឃាតខ្ពស់ជាងប្រទេសជប៉ុន គឺមានចំនួន២៦,៩% ខណៈជប៉ុន មានតែ១៨,៥%៕