យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ2018 បានបង្ហាញថា គណបក្សសាធារណរដ្ឋរបស់លោកដូណាល់ ត្រាំ នៅតែបន្តកាន់កាប់តំណែងព្រឹទ្ធសភា តែបានបាត់បង់ឱកាសក្នុងការគ្រប់គ្រងរដ្ឋសភា ដែលត្រូវគណបក្សប្រជាធិបតេយ្យ វាយដណ្តើមទីតាំងឈរជើងបានវិញ។
ការបាត់បង់ទីតាំងឈរជើងក្នុងរដ្ឋសភា របស់គណបក្សសាធារណរដ្ឋ វាគឺជារឿងមួយដែលធ្វើឱ្យប្រធានាធិបតីដូណាល់ ត្រាំ កាន់តែភាពស្មុគស្មាញក្នុងការដឹកនាំបន្តទៀត។ គណបក្សប្រជាធិបតេយ្យ ដែលគ្រប់គ្រងតំណែងរដ្ឋសភា និងធ្វើឱ្យលោកដូណាល់ ត្រាំ មិនអាចជិះសេះលែងដៃបានទៀតទេ។
យោងតាមលទ្ធផល គណបក្សប្រជាធិបតេយ្យ និងទទួលបានអាសនៈលើសពី218 ដើម្បីគ្រប់គ្រងរដ្ឋសភា ខណៈពេលដែលនៅព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យ ដណ្តើមបាន14អាសនៈ ក្នុងចំណោម23 ដែលគណបក្សសាធារណរដ្ឋ ត្រូវការដើម្បីបន្តសំឡេងភាគច្រើនរបស់ខ្លួន។
កាលពីព្រឹកថ្ងៃពុធ ពលរដ្ឋអាមេរិក ជាច្រើនលាននាក់ បាននាំគ្នាសម្រុកទៅកន្លែងបោះឆ្នោត ដែលជ្រើសរើសសមាជិករដ្ឋសភា ចំនួន435នាក់ ជ្រើសរើសសមាជិកព្រឹទ្ធសភា ចំនួន 35នាក់ ក្នុងចំណោម100នាក់ និងតំណែងអភិបាលរដ្ឋ និងក្រុងចំនួន36ទៀត៕