យ៉ាងហោចណាស់មនុស្ស៦នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងពួកស្តាំនិយម ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង កាលពីថ្ងៃអង្គារ ពីបទសង្ស័យជាប់ពាក់ព័ន្ធទៅនឹងគម្រោងវាយប្រហារប្រធានាធិបតីបារាំង លោកម៉ាក្រុង។ នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃនេះ។
ភ្នាក់ងារស៊ើបអង្កេតបារាំង បានឱ្យដឹងថា មនុស្ស៦នាក់នោះ ត្រូវបានចាប់ខ្លួននៅក្នុងកន្លែង៣ដាច់ដោយឡែកពីគ្នា នៅតាមបណ្តោយព្រំដែនជាប់ជាមួយប្រទេសអាល្លឺម៉ង់ និងលុចសំបួរ។
ភ្នាក់ងារដដែលនោះ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង៦នាក់នោះ រួមមាន បុរស៥នាក់ និងស្ត្រីម្នាក់ ដែលមានអាយុ២២ឆ្នាំ ដល់៦២ឆ្នាំ។
យោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ពួកស្តាំនិយម ដែលត្រូវបានគេស្គាល់ថា រណសិរ្សជាតិ គឺជាក្រុមមួយដែលនាំមុខក្នុងការបោះឆ្នោត ប្រឆាំងទៅនឹងប្រធានាធិបតី លោកម៉ាក្រុង ដែលនឹងធ្វើការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែឧសភា ២០១៩ ខាងមុខ។ គណបក្សនេះ ត្រូវបានដឹកនាំដោយលោក Marine Le Pen។
ការចាប់ខ្លួននេះបានកើតឡើង បន្ទាប់ពីនៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត Le Courrier Picard កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីបារាំង ចេញសេចក្តីព្រមានទៅលើក្រុមចលនាស្តាំនិយម៕