ផ្ទុយពីគ្រូបង្វឹកក្លឹបដដៃដែលកំពុងតែសម្លឹងមើលកីឡាករសម្រាប់រដូវកាលដោះដូរខែមករា ខាងមុខ លោក Maurizio Sarri គ្រូបង្វឹកក្លឹបតោខៀវ Chelsea បាននិយាយថា ក្លឹបនេះមិនចាំបាច់ទិញកីឡាករបន្ថែមទៀតទេ ប៉ុន្តែយើងត្រូវពង្រឹងសមត្ថភាពកីឡាករជំនួសវិញ។
គ្រូបង្វឹកសញ្ញាតិអ៊ីតាលីរូបនេះ បានសារភាពថា “ក្លឹបតោខៀវ Chelsea មិនខ្លាំងគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងជាមួយក្លឹបមេឃខៀវ Man City និងហង្សក្រហម Liverpool ប៉ុន្តែលោកបាននិយាយថា កីឡាករសុទ្ធតែមានសមត្ថភាព ដើម្បីធ្វើឱ្យប្រសើរឡើងទប់ទល់ជាមួយក្លឹបទាំងនេះ”។
លោកបានបន្តទៀតថា “រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់គិតអំពីការស្វែងរកកីឡាករថ្មីៗនោះទេ និយាយរួម ខ្ញុំជឿជាក់លើកីឡាករក្នុងក្រុមរបស់ខ្ញុំ។ យើងត្រូវធ្វើការកែលម្អជាមួយនឹងកីឡាករទាំងអស់នេះ ដោយសារតែពួកគេសុទ្ធតែមានសមត្ថភាព។ ការកែលម្អទេព្យកោសល្យកីឡាករ គឺជាកិច្ចការរបស់ខ្ញុំ ចំណែកឯការទិញដូរ វាគឺជាភារកិច្ចរួមគ្រូបង្វឹក និងមន្ត្រីក្លឹប”។
លោក Sarri ដឹកនាំក្លឹបតោខៀវ Chelsea មិនទាន់ចាញ់នៅឡើយ ១១ប្រកួត ដំបូងនៅក្នុងក្របខណ្ឌ English Premier League។
គ្រូបង្វឹកវ័យ៥៩ឆ្នាំរូបនេះ អាចនឹងបំបែកកំណត់ត្រាលោក Frank Clark ដែលធ្លាប់ដឹកនាំក្លឹប Nottingham កាលពីឆ្នាំ១៩៩៤ ប្រសិនបើ Chelsea ប្រកួតឈ្នះ Everton នៅថ្ងៃអាទិត្យ សប្តាហ៍នេះ៕