Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក ពន្យារសំណើលើកលែងទណ្ឌកម្មផ្តល់ជំនួយមនុស្សធម៌ ទៅឱ្យកូរ៉េខាងជើង

អាមេរិក ពន្យារសំណើលើកលែងទណ្ឌកម្មផ្តល់ជំនួយមនុស្សធម៌ ទៅឱ្យកូរ៉េខាងជើង

យោងតាមប្រភពឯកសារដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានពន្យារពេលការយល់ព្រមរបស់អង្គការសហប្រជាជាតិ ក្នុងការបញ្ជូនជំនួយមនុស្សធម៌ ទៅឱ្យប្រទេសកូរ៉េខាងជើង។

ការលើកលែងទណ្ឌកម្មដែលសហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនទៅប្រទេសកូរ៉េខាងជើង រួមមាន គ្រឿងយន្តកសិកម្ម ត្រាក់ទ័រ គ្រឿងបន្លាស់ និងទំនិញផ្សេងៗទៀត  ដែលជាតម្រូវការសម្រាប់ជំនួយសង្គ្រោះបន្ទាន់មនុស្សធម៌ ទៅឱ្យប្រជាជនកូរ៉េខាងជើង។

នៅក្នុងកិច្ចប្រជុំបិទទ្វារ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រទេសរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខដែលនោះ បានសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិភាក្សាគ្នាចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្អាកបណ្តោះអាសន្នជំនួយមនុស្សធម៌ ទៅឱ្យប្រទេសកូរ៉េខាងជើង។

គម្រោងផ្តល់ជំនួយមនុស្សធម៌របស់បណ្តាប្រទេសជាច្រើន ទៅកាន់ប្រទេសកូរ៉េខាងជើង  ត្រូវបានគេរក្សាទុកនៅឯក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បន្ទាប់ពីសហរដ្ឋអាមេរិក បានសុំឱ្យអង្គការមួយនេះ ពិនិត្យឱ្យបានល្អិតល្អន់សិន មុននឹងធ្វើការសម្រេចចុងក្រោយ។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងថា “អាមេរិក ត្រូវការពេលវេលាដើម្បីពិនិត្យមើលសំណើទាំងនោះ ដែលអាចឈានទៅដល់មានការធានាច្បាស់លាស់”។

លោកស្រីបានបន្តទៀតថា “ការពន្យារពេលនេះ ដោយសារតែពួកគេមិនបានត្រៀមខ្លួនគ្រប់គ្រាន់  ហើយវាអាចនឹងអូសបន្លាយរហូតទៅដល់មានជំនួបប្រជុំកំពូល លើកទី២ រវាងប្រធានាធិបតី ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន។

ជាមួយគ្នានោះដែរ លោកស្រី Haley បានចោទប្រកាន់រុស្ស៊ី ថា កំពុងស្វែងរកមុខមាត់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដើម្បីកេងចំណេញផលប្រយោជន៍របស់ខ្លួន។

សហរដ្ឋអាមេរិក បានជំទាស់ទៅនឹងសំណើរបស់ភាគីចិន និងរុស្ស៊ី ដែលតែងតែអំពាវនាវឱ្យខ្លួនបន្ធូរបន្ថយការដាក់ទណ្ឌកម្មទៅលើរបបលោកគីម ជុងអ៊ុន៕

RELATED ARTICLES