Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិសហភាពអឺរ៉ុប នឹងបញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិ២០០នាក់ មកថៃ

សហភាពអឺរ៉ុប នឹងបញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិ២០០នាក់ មកថៃ

យោងតាមប្រភពព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា សហភាពអឺរ៉ុប នឹងបញ្ជូនភ្នាក់ងារសង្កេតការណ៍អន្តរជាតិ ជាង២០០នាក់ ដើម្បីមីកត្រួតពិនិត្យមើលដំណើរការបោះឆ្នោតជាតិ ឆ្នាំ២០១៩ នៅក្នុងប្រទេសថៃ។

លោក Ittiporn Boontracong ប្រធានគណកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងថា “លោកនឹងពិចារណាសំណើរបស់សហភាពអឺរ៉ុប នៅក្នុងរយៈពេល២សប្តាហ៍ខាងមុខ ខណៈដែលពេលនេះ ក្រុមការងាររបស់លោកកំពុងតែមានភាពមមាញឹកទៅលើច្បាប់រដ្ឋធម្មនុញ្ញ”។

លោកបានបន្តទៀតថា “ដំបូងយើងត្រូវតែធ្វើទៅតាមអ្វីដែលយើងបានធ្វើពីមុនមក។ ប្រសិនបើពួកគេមកសង្កេតការណ៍ដោយត្រឹមត្រូវ គោរពទៅតាមច្បាប់របស់យើង និងមិនបង្កបញ្ហានៅក្នុងដំណើរការបោះឆ្នោត វានឹងគ្មានហេតុផលណាមួយដែលយើងត្រូវបដិសេធសំណើរបស់គេទេ”។

ទោះជាយ៉ាងណាក្តី លោក Boontracong បានប្រាប់កាសែត Bangkok Post ថា វាគឺមានភាពខុសគ្នានៅពេលនេះ ដោយសារតែសហភាពអឺរ៉ុប ចង់ឱ្យប្រទេសថៃ ធ្វើលិខិតអញ្ជើញផ្លូវការ មកកាន់ស្ថាប័នរបស់ខ្លួនជាមុនសិន ដូច្នេះ គណកម្មាធិការរបស់លោកត្រូវការការសហការពីក្រសួងការបរទេស មុននឹងទទួលយល់ព្រម”។

ចាប់តាំងពីឆ្នាំ២០០៣ គណកម្មាធិការរៀបចំការបោះឆ្នោតថៃ តែងតែបានអនុញ្ញាតឱ្យអ្នកសង្កេតការបរទេស ដែលរួមបញ្ចូលទាំងអង្គការក្រៅរដ្ឋាភិបាល ចូលរួមតាមដានដំណើរការបោះឆ្នោត នៅក្នុងប្រទេសថៃ។

គួររំលឹកថា ប្រសិនបើគ្មានការកែប្រែទេ ការបោះឆ្នោតជាតិរបស់ប្រទេសថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ៕

RELATED ARTICLES