តាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្មីៗនេះថា កីឡាករប្រដាល់មិនដែលស្គាល់បរាជ័យ Floyd Mayweather បានចេញមុខបដិសេធថា គាត់មិនដែលបានយល់ព្រមវាយជាមួយកីឡាករជប៉ុន Tenshin Nasukawa ហើយក៏មិនដែលបានឮឈ្មោះកីឡាករជប៉ុននេះដែរ។
កាលពីសប្តាហ៍មុន កីឡាករជើងឯកពិភពលោក ៥ប្រភេទទម្ងន់ Floyd Mayweather តូវបានបណ្តាញព័ត៌មានជាច្រើនចុះផ្សាយថា បានយល់ព្រមវាយជាមួយកីឡាករជប៉ុន Nasukawa នៅក្នុងប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
ទោះជាយ៉ាងណាក្តី កីឡាករដែលមានជំនាញវាយរត់ម៉ារ៉ាតុនលើសង្វៀន បាននិយាយថា “គាត់ធ្លាប់ត្រូវបានគេសុំឱ្យវាយលក្ខណៈមិនផ្លូវការ និងមិនផ្សាយតាមទូរទស្សន៍សម្រាប់ទស្សនិកជន អ្នកមានលំដាប់ពិភពលោក”។
Floy បាននិយាយឱ្យដឹងទៀតថា “ពិតជាមានការផ្គូផ្គងគ្នាមែន តែមិនមែនកើតចេញពីទឹកចិត្ត និងការយល់ព្រមរបស់ខ្ញុំនោះទេ”។
លោកបានបន្តទៀតថា “សហព័ន្ធប្រដាល់ Rizen Fighting Federation បានសុំឱ្យខ្ញុំប្រកួត៩នាទី ស្មើនឹង៣ទឹក សម្រាប់ភ្ញៀវអ្នកមាន”។
កីឡាករអាមេរិក ដែលមិនស្គាល់រស់ជាតិចាញ់ បានបង្កើនកំណត់ត្រាឈ្នះ៥០ប្រកួត គិតត្រឹមខែសីហា ឆ្នាំ២០១៨ ក្រោយពីយកឈ្នះកីឡាករ UFC Conor McGregor ដែលរកចំណូលបាន៣០០លានដុល្លារ៕