យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមអ្នកច្បាប់ និងរដ្ឋសភាវៀតណាម បានឯកភាពគ្នាជាឯកច្ឆន្ទផ្តល់សច្ចាប័ន ទៅលើសន្ធិសញ្ញាពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ដែលនឹងជួយកាត់បន្ថយពន្ធ នៅក្នង្នុបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក។
វៀតណាម ត្រូវបានគេមើលឃើញថា ជាប្រទេសមួយដែលកំពុងមានកំណើនសេដ្ឋកិច្ចលឿន នៅក្នុងតំបន់ ដែលបានចងភ្ជាប់ខ្លួនជាមួយនឹងការនាំចេញ និងការវិនិយោគទុនបរទេសដ៏មាំមួន។ ជាងនេះទៅទៀត ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ ត្រូវបានគេជឿជាក់ថា ស្ថិតនៅក្នុងចំណោមប្រទេស ដែលមានគុណប្រយោជន៍បំផុត ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
កាលពីព្រឹកថ្ងៃចន្ទ រដ្ឋសភាវៀតណាម បានប្រកាសថា ការចុះសច្ចាប័ន បានធ្វើឱ្យវៀតណាម ក្លាយជាប្រទេសទី៧ នៃសមាជិករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរអាស៊ីប៉ាស៊ីហ្វិក។
ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាជាច្រើន ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬការកាត់បន្ថយពន្ធទៅលើការនាំចេញនាំចូល។ ពន្ធនាំចេញទៅប្រទេសកាណាដា ៤៣% អាចនឹងត្រូវបានដកចេញភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន និងដកចេញ១០០% ក្នុងរយៈពេល៤ឆ្នាំខាងមុខទៀត។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលវៀតណាម ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការនាំចេញវិស័យកាត់ដេរ បានធ្វើឱ្យវៀតណាម ឈរលំដាប់លេខ២ បន្ទាប់ពីទូរស័ព្ទស្មាតហ្វូន ខណៈដែលការនាំចេញផលិតផលម្ហូបអាហារ និងគ្រឿងសមុទ្រ ក៏មានផលប្រយោជន៍ខ្ពស់ដែរសម្រាប់ប្រទេសវៀតណាម។
កិច្ចព្រមព្រៀងនេះ នឹងជួយឱ្យប្រទេសវៀតណាម ធ្វើកំណែទម្រង់ច្បាប់ការងារកាន់តែប្រសើរឡើង។
ប្រទេសដែលជាសមាជិករបស់អង្គការពារណិជ្ជកម្មមួយនេះ មានដូចជា អូស្ត្រាលី កាណាដា ជប៉ុន មិកស៊ិក នូវែលសេឡង់ និងសិង្ហបុរី ខណៈដែលប្រទេសបួនទៀត មានព្រុយណេ ស៊ីលី ម៉ាឡេស៊ី និងបេរ៉ូល មិនទាន់បានផ្តល់សច្ចាប័ននៅឡើយទេ៕