ALibaba ដែលជាក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអ៊ីនធើរណេតដ៏ធំមួយ រកចំណូលបាន៣០ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង កាលពីថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលហៅថា Singles Day។
ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអនឡាញដ៏ល្បីល្បាញរបស់ចិន មួយនេះ រកចំណូលបាន១ពាន់លានដុល្លារ នៅក្នុងរយៈពេល៨៥វិនាទី និងកើនឡើងដល់១០ពាន់លាន ក្នុងរយៈពេល៤ម៉ោងដំបូង នៃរយៈពេលលក់២៤ម៉ោង សរុបមក ក្រុមហ៊ុននេះអាចរកចំណូលបាន៣០,៨ពាន់លានដុល្លារ គឺកើនឡើង២៧% បើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ។
Singles Day ត្រូវបានគេបង្កើតឡើង កាលពីឆ្នាំ១៩៩០ ប្រឆាំងទៅនឹងថ្ងៃ Valentine Day’s ដើម្បីបើកលក់ទំនិញរៀងរាល់ថ្ងៃទី១១ ខែវិច្ឆិកា សម្រាប់អ្នកនៅលីវ ដែលដូចគ្នាទៅនឹងសហរដ្ឋអាមេរិក ដែលគេហៅថា Black Friday ឬគេហៅថា Cyber Monday។
Alibaba បានចាប់ផ្តើមផ្តល់ការលក់បញ្ចុះ តម្លៃនៅថ្ងៃ Singles Day ចាប់តាំងពីឆ្នាំ២០០៩ មកម៉្លេះ។ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាប្រទេសកំពូល៣ ដែលបានទិញទំនិញនៅថ្ងៃ Singles Day នេះច្រើនជាងគេ៕