ភ្នំពេញ ៖ បុរសជាជាងភ្លើងម្នាក់ ទើបនឹងចូលមកធ្វើការបាន១ថ្ងៃ ក៏ត្រូវមេជាងប្រើឱ្យតភ្លើង ស្រាប់តែអកុសល ដោយសារតែខ្វះការប្រុងប្រយ័ត្ន កាន់ចំមុខតំណ ក៏បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះកំពុងជួសជុលមួយកន្លែង ស្ថិតនៅផ្ទះលេខ៧៨ តាមបណ្តាយផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
យុវជនរងគ្រោះ ដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះអ៊ីង វាសនា អាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ទើបតែមកធ្វើនៅចំណុចកើត ហេតុខាងលើបានតែ១ថ្ងៃប៉ុណ្ណោះ។
តាមប្រភពពីក្រុមជាងដែលធ្វើការជាមួយគ្នា បានរៀបរាប់ប្រាប់ថា ជនរងគ្រោះទើបនឹងចូលធ្វើការបាន១ថ្ងៃប៉ុណ្ណោះ លុះមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោងប្រមាណ៤រសៀល មេជាងបានប្រើឱ្យជនរងគ្រោះឡើងទៅតភ្លើងនៅជាន់ទី១។ លុះជនរងគ្រោះឡើងទៅតភ្លើងនៅជាន់ទី១ បានមួយសន្ទុះ ក៏ស្រាប់តែលាន់លឺសំឡេងជនរងគ្រោះស្រែកឱ្យជួយផង ធ្វើឱ្យក្រុមអ្នករួមការងារបានស្ទុះឡើងទៅមើលភ្លាមៗ លុះទៅដល់ ក៏ប្រទះឃើញជនរងគ្រោះដេកស្តូកស្តឹងទៅហើយ ក៏ប្រញាប់ជួយធ្វើចលនាសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះខាងលើ បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ឱ្យចុះមកពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗដែរ។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។ មូលហេតុ ដោយសារតែជនរងគ្រោះតភ្លើងដោយខ្វះការប្រុងប្រយ័ត្ន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕