យោងតាមមន្ត្រីការិយាល័យប្រធានាធិបតីហ្វីលីពីន លោកឌូតឺតេ (Duterte)បានថ្លែងប្រាប់សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃនេះថា លោកបានខកខានកិច្ចប្រជុំ២-៣ នៅឯកិច្ចប្រជុំកំពូលដែលរៀបចំធ្វើឡើង នៅក្នុងប្រទេសសិង្ហបុរី ដោយសារតែលោកមានការងងុយដេកខ្លាំងពេក។
អ្នកនាំពាក្យប្រធានាធិបតី Salvabor Panelo បានឱ្យដឹងថា លោកឌូតឺតេ បានខកខានគម្រោងប្រជុំចំនួន៤ កាលពីថ្ងៃពុធ ដោយសារតែលោកមានជំងឺងងុយគេងខ្លាំងពេក។ ខណៈដែលមេដឹកនាំពិភពលោកជាច្រើនរូបទៀត កំពុងចូលរួមប្រជុំអាស៊ាន នៅក្នុងប្រទេសសិង្ហបុរី។
ប្រធានាធិបតីឌូតឺតេ ដែលមានវ័យ៧៣ឆ្នាំរូបនេះ បាននិយាយការពារទង្វើរបស់លោកថា “តើហេតុអ្វីបានជាខ្ញុំចេះតែងងុយគេង?”។
នេះមិនមែនជាលើកទី១ទេ ដែលប្រធានាធិបតីហ៊្វីលីពីន ខកខានការប្រជុំដោយសារតែងងុយដេកខ្លាំង គេនៅចាំបានថា កិច្ចប្រជុំអន្តរជាតិនៅក្នុងប្រទេសរបស់លោក ក៏លោកគេងលក់ជ្រុលខកខានការប្រជុំដែរ ដែលជាការពិត លោកឌូតឺតេ បានបង្ហាញពីសុខភាពចុះខ្សោយរបស់លោក ដោយសារតែមានជំងឺមហារីក។
អ្នកនាំពាក្យប្រធានាធិបតី បាននិយាយថា លោកប្រធានាធិបតីធ្វើការដល់យប់ជ្រៅ ហើយមានពេលសម្រាកតិចជាង៣ម៉ោង ហេតុដូច្នេះហើយបានជាលោកងងុយគេង។
អ្នកនាំពាក្យដដែលរូបនេះ បានអះអាងថា អវត្តមានរបស់ឌូតឺតេ គឺដោយសារហេតុផលសុខភាព គ្មានអ្វីក្រៅពីនេះទេ។
ពាក់ព័ន្ធទៅនឹងជំនួបប្រជុំធំៗ ដែលមានមេដឹកនាំដេកលក់នៅក្នុងអង្គប្រជុំ វាជារឿងធម្មតាទៅហើយ គេនៅចាំបានថា លោកមូន ជេអ៊ីន នៅពេលដែលលោករង់ចាំអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ពេលនោះ លោកបានគេងលក់១៥នាទី៕