យោងតាមព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញផ្សាយកាលពីថ្ងៃសុក្រ ទី16 ខែវិច្ឆិកា ឆ្នាំ2018 បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានអញ្ជើញធ្វើជាអធិបតី និងតាមដានមើលការធ្វើតេស្តអាវុធថ្មី បំពាក់ដោយបច្ចេកវិទ្យាខ្ពស់។
មន្ត្រីកូរ៉េខាងជើងម្នាក់ បានឱ្យដឹងថា លោកគីម ជុងអ៊ុន បានទៅពិនិត្យមើលការធ្វើតេស្តអាវុធបច្ចេកវិទ្យាថ្មី នៅឯរាជបណ្ឌិតសភាការពារជាតិ។
ទោះជាយ៉ាងណាក្តី មន្ត្រីរូបនេះ មិនបានឱ្យដឹងលម្អិតអំពីប្រភេទអាវុធថ្មីនោះទេ ដោយគ្រាន់តែនិយាយថា វាត្រូវបានគេធ្វើអស់រយៈពេលជាយូរមកហើយ ទម្រាំបានចេញជារូបរាងនៅពេលនេះ។
ការធ្វើតេស្តអាវុធបច្ចេកវិទ្យាថ្មីនេះ ទទួលបានជោគជ័យ ហើយលោកគីម ជុងអ៊ុន មានការពេញចិត្តយ៉ាងខ្លាំង ចំពោះអាវុធប្រភេទថ្មីនេះ ដោយនិយាយថា អាវុធថ្មីនេះ គឺសម្រាប់ការពារប្រទេសរបស់យើង និងដើម្បីពង្រឹងអំណាចយោធា ដើម្បីការពារប្រជាជនរបស់យើង។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយថា នេះគឺជាលើកទី1 ដែលមេដឹកនាំកូរ៉េខាងជើង បង្ហាញមុខនៅក្នុងការពិនិត្យមើលការធ្វើតេស្តអាវុធទំនើប ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ2017។
ការធ្វើតេស្តអាវុធដែលមានបច្ចេកវិទ្យាខ្ពស់របស់កូរ៉េខាងជើង វាហាក់ដូចជាដើរបញ្ច្រាសពីកិច្ចប្រឹងប្រែងការទូត ដែលទទូចចង់ឱ្យមានជំនួបប្រជុំលើកទី2 នៅដើមឆ្នាំ2019។
កាលពីថ្ងៃព្រហស្បតិ៍ លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានឱ្យដឹងថា ជំនួបប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ត្រូវធ្វើឡើងនៅដើមឆ្នាំ2019 ខាងមុខនេះ។ ជាមួយគ្នានោះដែរ លោកក៏បាននិយាយថា “អាមេរិក នឹងកាត់បន្ថយការទាមទារមួយចំនួន សម្រាប់ប្រទេសកូរ៉េខាងជើង មុនពេលជំនួបប្រជុំលើកទីពីរនេះ”។
កាលពីថ្ងៃទី05 ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា “ប្រសិនបើសហរដ្ឋអាមេរិក មិនចាប់ផ្តើមដកទណ្ឌកម្មមកលើទីក្រុងព្យុងយ៉ាង របបលោកគីម ជុងអ៊ុន អាចនឹងចាប់ផ្តើមកសាង កម្លាំងអាវុធនុយក្លេអ៊ែរឡើងវិញ”៕