មេដឹកនាំសហរដ្ឋអាមេរិក និងចិន បានបង្ហាញទស្សនៈផ្ទុយគ្នាទៅលើបញ្ហាសង្គ្រាមពាណិជ្ជកម្ម នៅឯកិច្ចប្រជុំ APEC ឆ្នាំ2018 នៅក្នុងប្រទេសប៉ាពូញូហ្គីណេល នៅថ្ងៃសៅរ៍ ទី17 ខែវិច្ឆិកា ឆ្នាំ2018នេះ ស្របពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរ កំពុងតែឡើងកម្តៅ។
ប្រធានាធិបតីចិន ស៊ី ជីនពីង បាននិយាយពីតម្រូវការសម្រាប់សហប្រតិបត្តិការពិភពលោក និងការធ្វើជំនួញអន្តរជាតិ នៅក្នុងជំនួបប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) ដោយលើកឡើងថា មិនមានបញ្ហាទេ ដែលប្រទេសនីមួយៗ មិនអាចដោះស្រាយតាមរយៈការពិភាក្សាគ្នានោះ។
ថ្លែងនៅចំពោះមុខបណ្តាមេដឹកនាំសេដ្ឋកិច្ច លោកស៊ី ជីនពីង បាននិយាយថា “ប្រវត្តិសាស្ត្រ បានបង្ហាញប្រាប់យើងថា រាល់ការប្រឈមមុខ ទាំងសង្គ្រាមត្រជាក់ សង្គ្រាមក្តៅ ឬក៏សង្គ្រាមពាណិជ្ជកម្ម វានឹងមិនធ្វើឱ្យមានអ្នកឈ្នះនោះទេ”។
ដោយឃើញមេដឹកនាំចិន ឡើងថ្លែងដូចនេះ លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានឡើងជំទាស់ទៅនឹងលោកស៊ី ជីនពីង ដោយនិយាយថា “សហរដ្ឋអាមេរិក នឹងមិនចុះចាញ់ប្រទេសចិន នោះទេ នៅក្នុងជម្លោះពាណិជ្ជកម្មនេះ ហើយអាមេរិក អាចនឹងដំឡើងពន្ធនាំចូល ទ្វេមួយជាពីរ ប្រសិនបើចិន មិនព្រមបន្ទន់ឥរិយាបថទៅតាមការទាមទាររបស់សហរដ្ឋអាមេរិក”។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក នឹងមិនផ្លាស់ប្តូរឥរិយាបថទេ រហូតទាល់តែប្រទេសចិន ផ្លាស់ប្តូរគោលជំហររបស់ខ្លួន។ ជាមួយគ្នានោះដែរ អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់មេដឹកនាំដែលចូលរួមប្រជុំ APEC ថា “រហូតមកដល់ពេលនេះ អាមេរិក បានដំឡើងពន្ធ250ពាន់លានដុល្លារ ទៅលើមុខទំនិញនាំចូលពីចិន ហើយអាចនឹងឡើងមួយទ្វេជាពីរ ប្រសិនបើចិន នៅតែមិនបន្ទន់ឥរិយាបថ។ អស់រយៈពេលជាច្រើនឆ្នាំហើយ ចិន បានបឺតជញ្ជក់ផលប្រយោជន៍ពីសហរដ្ឋអាមេរិក តែពេលឥឡូវនេះ អាមេរិក មិនអាចបណ្តោយឱ្យចិន បន្តធ្វើដូចនេះទៀតទេ។
គួររំលឹកថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានអូសបន្លាយជិត1ឆ្នាំទៅហើយ នៅតែរកដំណោះស្រាយចេញមិនរួច បើទោះជាមេដឹកនាំមហាអំណាចទាំងពីរនេះ គ្រោងនឹងជួបជុំគ្នាម្តងទៀត នៅក្នុងជំនួបប្រជុំ G-20 ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសអាហ្សង់ទីន ចុងខែវិច្ឆិកា នេះ៕