Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិCIA ៖ ព្រះអង្គម្ចាស់ Mohamed Bin Salman គឺជាអ្នកបញ្ជាផ្ទាល់ឱ្យសម្លាប់អ្នកកាសែត

CIA ៖ ព្រះអង្គម្ចាស់ Mohamed Bin Salman គឺជាអ្នកបញ្ជាផ្ទាល់ឱ្យសម្លាប់អ្នកកាសែត

នៅថ្ងៃនេះ មន្ត្រីជាន់ខ្ពស្ព់សហរដ្ឋអាមេរិក បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន CNN ថា ព្រះអង្គម្ចាស់ Mohamed Bin Salman គឺជាអ្នកបញ្ជាផ្ទាល់ឱ្យសម្លាប់អ្នកកាសែត លោក Jamal Khashoggi នៅក្នុងស្ថានកុងសុលទីក្រុងអ៊ីស្តង់បូល កាលពីថ្ងៃទី02 ខែតុលា ឆ្នាំ2018។

យោងតាមមន្ត្រីជាន់ខ្ពស់អាមេរិក បានឱ្យដឹងថា ការសន្និដ្ឋាននេះ ដោយផ្អែកទៅលើភ័ស្តុតាងដែលផ្តល់ដោយរដ្ឋាភិបាលតួកគី  ទីភ្នាក់ងារចារកម្មអាមេរិក CIA និងភស្តុតាងដទៃៗទៀត។

ទោះជាមានការលើកឡើងបែបនេះក្តី រដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានច្រានចោលការចោទប្រកាន់ ដោយលើកឡើងថា ព្រះអង្គម្ចាស់ Mohamed Bin Salman មិនជាប់ពាក់ព័ន្ធទៅនឹងករណីធ្វើឃាតរបស់អ្នកកាសែតនោះទេ។

ទីភ្នាក់ងារចារកម្មអាមេរិក បានទទួលឯកសារសម្ងាត់ជាខ្សែអាត់សំឡេង ដែលនៅខាងក្នុងស្ថានកុងសុលអារ៉ាប៊ីសាអ៊ូឌីត ដែលមានមូលដ្ឋាននៅក្នុងប្រទេសតួកគី រួមនឹងការហៅទូរស័ព្ទ ក្រោយពេលដែលអ្នកកាសែតរូបនោះ ត្រូវបានគេសម្លាប់។

កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យព្រះរាជអាជ្ញាសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចេញសេចក្តីថ្លែងការណ៍ថា មនុស្ស11នាក់ ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធទៅនឹង ការសម្លាប់លោក Jamal Khashoggi។

លោក Jamal Khashoggi អតីតគឺជាអ្នកកាសែតដ៏ស្និទ្ធនឹងសែរាជវង្ស តែក្រោយមក លោកបានក្លាយទៅជាមនុស្សម្នាក់ដែលចូលចិត្តសរសេរអត្ថបទរិះគន់ ពាក់ព័ន្ធទៅនឹងសែស្រឡាយរាជវង្សទៅវិញ។

លោកបានបាត់ខ្លួននៅក្នុងស្ថានទូតតួកគី កាលពីខែវិច្ឆិកា បន្ទាប់ពីលោកចូលទៅសុំលិខិតអនុញ្ញាតរៀបអាពាហ៍ពិពាហ៍ តែក្រោយមក ត្រូវបានគេដឹងថា មន្ត្រីស្ថានកុងសុលអារ៉ាប៊ីសាអ៊ូឌីត បានសម្លាប់លោកនៅទីនោះ ហើយបានយកសាកសពទៅចោលបំបាត់ដាន៕

RELATED ARTICLES