យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា ប្រទេសវៀតណាម និងរុស្ស៊ី បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី កើនឡើងមួយទ្វេជាបី ក្នុងទំហំទឹកប្រាក់១០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២០ កើនឡើង៣,៥៥ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្ន្នាំទៅមិញ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺផ្តោតអារម្មណ៍សំខាន់ទៅលើវិស័យពង្រីកថាមពល។ ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំជាងគេបំផុតនៅប្រទេសវៀតណាម ហើយក្រុមហ៊ុនរុស្ស៊ីជាច្រើន ជាប់ពាក់ព័ន្ធទៅនឹងគម្រោងថាមពលនៅក្នុងប្រទេសវៀតណាម។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហាណូយ បន្ទាប់ពីជួបជាមួយសមភាគីរុស្ស៊ី លោក Dmitry Medvedev លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម បានឱ្យដឹងថា យើងបានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងការអនុវត្តដ៏មានប្រសិទ្ធភាពទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងសហជីពសេដ្ឋកិច្ច ដែលដឹកនាំដោយរុស្ស៊ី។
លោក Nguyen Xuan Phuc បានឱ្យដឹងទៀតថា “ប្រទេសទាំងពីរ កំពុងសម្លឹងទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ទៅលើវិស័យកសិកម្ម និងអាហារសមុទ្រ ដែលជាវិធានការណ៍មួយ ដើម្បីសម្រេចទៅលើគម្រោងវិនិយោគទុនថាមពលរួមគ្នា។
វៀតណាម គឺជាប្រទេសលំដាប់ទី៤ ដែលទិញស្រូវសាឡី ពីរុស្ស៊ី បន្ទាប់ពីប្រទេសអេហ្ស៊ីប តួកគី និងបង់ក្លាដែស។ ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ បាននាំចូលស្រូវសាឡី ពីរុស្ស៊ី ១,២លានតោន ក្នុងឆ្នាំ២០១៨៕