កាលពីថ្ងៃពុធ ទី05 ខែធ្នូ ឆ្នាំ2018 មន្ត្រីតួកគី ពីររូប បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រធានព្រះរាជអាជ្ញាទីក្រុងអ៊ីស្តង់បុល ប្រទេសតួកគី បានចេញដីកាចាប់ខ្លួនមនុស្សសំខាន់ពីរនាក់ ដែលជាអង្គរក្ស និងជាប្រធានចារកម្មបរទេសរបស់ព្រះអង្គម្ចាស់ អារ៉ាប៊ី សាអ៊ូឌីត ដែលជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់អ្នកកាសែត លោក Jamal Khashoggi កាលពីខែវិច្ឆិកា។
នៅក្នុងលិខិតរបស់ព្រះរាជអាជ្ញា បានសរសេរថា អ្នកទាំងពីរនេះ មានឈ្មោះថា Saud al-Qahtani និង Ahned al-Asiri ដែលត្រូវបានគេដកតំណែង កាលពីខែតុលា គឺមានការសង្ស័យខ្លាំងជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់អ្នកកាសែត។
មូលហេតុដែលព្រះរាជអាជ្ញាតួកគី សម្រេចចេញដីកាចាប់ខ្លួនអ្នកទាំងពីរនេះ ដោយសារតែអាជ្ញាធររបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត មិនបានចាត់វិធានការប្រឆាំងទៅនឹងអ្នកទាំងពីរនោះទេ។ ការចេញដីកាចាប់ខ្លួននេះ បានកើតឡើងតែមួយថ្ងៃ បន្ទាប់ពីព្រឹទ្ធសភាជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយថា ព្រះអង្គម្ចាស់ Mohammed Bin Salman គឺជាអ្នកទទួលខុសត្រូវចំពោះការធ្វើឃាតអ្នកកាសែត បន្ទាប់ពីទទួលបានរបាយការណ៍សង្ខេបពីភ្នាក់ងារចារកម្មសំងាត់អាមេរិក។
គួររំលឹកថា លោក Jamal Khashoggi ត្រូវបានគេសម្លាប់កាលពីថ្ងៃទី02 ខែតុលា នៅក្នុងស្ថានកុងសុលប្រទេសតួកគី បន្ទាប់ពីលោកមកបំពេញបែបបទដើម្បីរៀបអាពាហ៍ពិពាហ៍។ លោកគឺជាអ្នកកាសែតវ៉ាស៊ីងតោន ប៉ុស្តិ៍ (Washington Post)ដែលចូលចិត្តសរសេរអត្ថបទរិះគន់សែស្រឡាយរាជវង្ស របស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត៕