កាលពីល្ងាចថ្ងៃពុធ ទី05 ខែធ្នូ ឆ្ន្នាំ2018 លោក Amar Singh ប្រធាននាយកដ្ឋានស៊ើបអង្កេតបទឧក្រិដ្ឋពាណិជ្ជកម្ម បានប្រកាសចូលនិវត្តន៍ បន្ទាប់ពីបម្រើការងារអស់រយៈពេល35ឆ្នាំ។ នេះបើយោងតាមប្រភពព័ត៌មាន Channel News Asia ចេញផ្សាយកាលពីថ្ងៃពុធ ទី05 ខែធ្នូ ឆ្នាំ2018។
លោក Amar Singh មានគម្រោងចូលនិវត្តន៍តាំងពីថ្ងៃទី06 ខែមិថុនា ឆ្នាំ2018 ប៉ុន្តែ ក្រោយមកបានពន្យារពេល6ខែ ដោយសារតែលោកជាប់បំពេញបេសកកម្មស៊ើបអង្កេតទៅលើសំណុំរឿងក្តីពុករលួយ របស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ ពាក់ព័ន្ធទៅនឹងការបាត់បង់មូលនិធិអភិវឌ្ឍន៍ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។
លោក Amar Singh បានចូលបម្រើការក្នុងកងកម្លាំងប៉ូលិស ចាប់តាំងពីឆ្នាំ1983 ជាមួយនឹងមុខតំណែងផ្សេងៗពីគ្នា ដោយរួមបញ្ចូលទាំងស្នងការរងប៉ូលិស ដែលប្រចាំទីក្រុងកូឡាឡាំពួរ កាលពីឆ្នាំ2010។

ថ្លែងនៅក្នុងពិធីបញ្ចប់តំណែង លោកបាននិយាយថា “ប្រសិនបើផ្តល់ឱកាសឱ្យខ្ញុំ ខ្ញុំនឹងទទួលយកមុខតំណែងមួយទៀត ដែលទាក់ទងទៅនឹងប៉ូលិសម៉ាឡេស៊ី ពីព្រោះខ្ញុំស្រលាញ់ការងារនេះណាស់។ ជីតា ឪពុករបស់ខ្ញុំ និងខ្ញុំ សុទ្ធតែចូលបម្រើនៅក្នុងកងកម្លាំងប៉ូលិសទាំងអស់”។
ការប្រកាសចូលនិវត្តន៍នេះ គឺមិនពាក់ព័ន្ធនឹងបញ្ហានយោបាយនៃអំពើពុករលួយ របស់ប្រទេសម៉ាឡេស៊ី នោះទេ នៅក្នុងបេសកកម្មស៊ើបអង្កេត និងបំបែកសំណុំរឿងពុករលួយ លោកបានរឹបអូសទ្រព្យសម្បត្តិរបស់លោកណាជីប រ៉ាហ្សាក់ 270លានដុល្លារ និងវត្ថុមានតម្លៃជាច្រើនទៀត៕