យោងតាមទីភ្នាក់ងារទិញអាវុធរបស់ទីក្រុងសេអ៊ូល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីល្ងាចថ្ងៃសុក្រ ទី07 ខែធ្នូ ឆ្នាំ2018 ថា ប្រទេសកូរ៉េខាងត្បូង មានគម្រោងទិញនាវាផ្ទុកមីស៊ីលបាញ់ពីដីទៅលើអាកាសរបស់សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់300លានដុល្លារអាមេរិក ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ប្រឆាំងទៅនឹងប្រទេសកូរ៉េខាងជើង បើទោះជាថ្មីៗនេះ ភាពតានតឹងរបស់ប្រទេសទាំងពីរ ហាក់ដូចជាធូរស្រាលក៏ដោយ។
កាលពីឆ្នាំ2013 កូរ៉េខាងជើង បានទិញមីស៊ីល ប្រភេទ -2S ដែលផលិតដោយក្រុមុហ៊ុន Raythean Co (RTN.N) ដើម្បីបំពាក់ជាមួយនឹងនាវាចម្បាំង ដែលគ្រោងនឹងយកទៅដាក់ ដើម្បីការពារដែនអាកាស នៅពាក់កណ្តាលឆ្នាំ2020។
គម្រោងទិញនាវាផ្ទុកមីស៊ីល គឺដើម្បីពង្រឹងសមត្ថភាពស៊ើបការណ៍ និងតាមដានគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ខណៈពេលដែលប្រទេសនេះ នៅតែលួចលាក់ផលិតកម្មវិធីអាវុធនុយក្លេអ៊ែរ សំដៅប្រឆាំងទៅនឹងសហរដ្ឋអាមេរិក ដែលតែងតែដាក់ទណ្ឌកម្ម។

យោងតាមមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ការសម្រេចចិត្តទិញមីស៊ីលថ្មីចុងក្រោយនេះ គឺជាការត្រួសត្រាយផ្លូវ ដើម្បីពង្រឹងប្រព័ន្ធដែនអាកាសរបស់ខ្លួន ឱ្យមានភាពរឹងមាំ។
ទោះជាយ៉ាងណាក្តី មន្ត្រីរូបូនេះបានបដិសេធមិនបញ្ជាក់ថា តើមីស៊ីលប៉ុន្មានគ្រឿង ដែលកូរ៉េខាងត្បូង គ្រោងនឹងទិញនោះទេ ប៉ុន្តែប្រហែលជាជាង10គ្រឿង ជាមួយនឹងតម្លៃសរុបជាង300លានដុល្លារ។
កាលពីខែកញ្ញា ក្រសួងការពារជាតិអាមេរិក បានយល់ព្រមឱ្យលក់គ្រឿងសព្វាវុធទៅឱ្យប្រទេសកូរ៉េខាងត្បូង ដែលមានទឹកប្រាក់សរុប2/6ពាន់លានដុល្លារ ដែលក្នុងនោះរួមបញ្ចូល ទាំងយន្តហោះប៊ូអ៊ីង6គ្រឿង យន្តហោះចម្បាំង និងអាវុធមីស៊ីលជាច្រើន៕