យ៉ាងហោចណាស់មនុស្ស៦នាក់ បានស្លាប់បាត់បង់ជីវិត និងជាង១០០នាក់ បានរងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នា ក្នុងក្លឹបកម្សាន្ត ទីក្រុង Ancona ភាគខាងកើតប្រទេសអ៊ីតាលី។ នេះបើយោងតាមអាជ្ញាធរអ៊ីតាលី បានថ្លែងប្រាប់ទីភ្នាក់ងារ BBC ចេញផ្សាយ នៅថ្ងៃនេះ។
ប្រភពព័ត៌មាននោះ បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នករបួសជាង១០០នាក់នេះ មាន១០នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលអាចប្រឈមនឹងការបាត់បង់ជីវិត។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការរត់ជាន់គ្នានេះ បន្ទាប់ពីឧបករណ៍សម្រាប់ពន្លត់អគ្គិភ័យបានផ្ទុះឆេះនៅខាងមុខក្លឹប Lanterna Azzurra ដែលទទួលរៀបចំការប្រគំតន្ត្រី ដោយតារាចម្រៀងរ៉េប Sfera Ebbasta ដែលមានមនុស្សចូលរួមប្រមាណជាង១០០០នាក់។
អាជ្ញាធរអ៊ីតាលី កំពុងតែស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការរត់ជាន់គ្នានៅក្នុងក្លឹបកម្សាន្តដ៏ល្បីមួយនេះ។
តារាចម្រៀងរ៉េប Sfera Ebbasta វ័យ២៦ឆ្នាំ គឺមានការពេញនិយម និងទទួលបានជោគជ័យពីស្រទាប់យុវវ័យ នៅក្នុងប្រទេសអ៊ីតាលី។
គួររំលឹកថា កាលពីខែមិថុនា ឆ្នាំទៅមិញ មនុស្សប្រមាណ១៥០០នាក់ បានរងរបួសនៅក្នុងទីក្រុងតូរីណូ ស្របពេលដែលពួកគេកំពុងមើលការប្រកួតបាល់ទាត់យូហ្វាឆេមពានលីគ វគ្គផ្តាច់ព្រត្រ័ ប៉ុន្តែពុំមានព័ត៌មានស្តីពីអ្នកស្លាប់នោះទេ៕ (Photo : BBC)