ដោយសារតែបារម្ភអំពីរលកបាតុកម្មប្រឆាំង នៅចុងសប្តាហ៍នេះ រដ្ឋាភិបាលបារាំង បានសម្រេចដាក់ពង្រាយកងកម្លាំងរក្សាសន្តិសុខ៩ម៉ឺននាក់ ទូទាំងប្រទេស ដើម្បីទប់ស្កាត់បាតុកម្មហិង្សារបស់ពួកចលនាអាវកាក់ពណ៌លឿង ដែលបានតវ៉ាប្រឆាំងទៅនឹងគោលនយោបាយដំឡើងពន្ធប្រេងឥន្ធនៈ របស់លោកប្រធានាធិបតីម៉ាក្រុង។
នៅក្នុងចំណោមកងកម្លាំងរក្សាសន្តិសុខទាំង៩ម៉ឺននាក់នេះ មាន៨ម៉ឺននាក់ និងរថពាសដែក ចំនួន១២គ្រឿង ត្រូវបានគេដាក់ពង្រាយនៅក្នុងទីក្រុងប៉ារីស ដែលជាចំណុចក្តៅ ហើយទីតាំងទេសចរណ៍ Eiffel Tower ត្រូវបានបិទមិនឱ្យភ្ញៀវទេសចរណ៍ចូលទស្សនាទេ។

ចលនាបាតុកម្មអាវកាក់ពណ៌លឿង បានចាប់ផ្តើមអស់រយៈពេល៣សប្តាហ៍កន្លងមកហើយ ដោយធ្វើការប្រឆាំងទៅនឹងការដំឡើងពន្ធប្រេងឥន្ធនៈ ប៉ុន្តែ រដ្ឋមន្ត្រីសន្តិសុខបារាំង បានហៅបាតុកម្មនេះថា ជាអំពើលួចប្លន់។

កាលពីសប្តាហ៍មុន មនុស្សរាប់ពាន់នាក់ ត្រូវបានគេចាប់ខ្លួន ហើយមនុស្សជាច្រើននាក់បានរងរបួស ក្រោយអំពើហិង្សា ដែលមានប៉ះទង្គិចគ្នានៅតាមដងផ្លូវ ដែលគេចាត់ទុកថា ជាអំពើហិង្សាដ៏អាក្រក់បំផុតនៅក្នុងទីក្រុងប៉ារីស ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។

សុក្រ លោក Edouard Philippe នាយករដ្ឋមន្ត្រី បានជួបជាមួយអ្នកតំណាងបាតុកម្ម ដោយសន្យាថា នឹងធ្វើការសន្ទា ដើម្បីធ្វើការដោះស្រាយបញ្ចប់បាតុកម្មនេះ។

កាលពីដើមសប្តាហ៍នេះដែរ ប្រធានាធិបតីលោកម៉ាក្រុង ក៏បានសន្យាថា ផ្អាកការដំឡើងពន្ធប្រេងឥន្ធនៈមួយរយៈសិន ប៉ុន្តែការទាមទាររបស់អ្នកតវ៉ា បានបង្វែរទិសផ្សេង ដោយទាមទារការដំឡើងប្រាក់ឈ្នួល ប្រាក់ចូលនិវត្តន៍ ការចុះឈ្មោះចូលរៀន នៅតាមសាកលវិទ្យាល័យ ឱ្យមានភាពងាយស្រួល និងការទាមទារឱ្យលោកម៉ាក្រុង ចុះចេញពីតំណែងផងដែរ ដែលកត្តាទាំងអស់នេះហើយ ទើបធ្វើឱ្យមានការអូសបន្លាយបាតុកម្មរហូតមកដល់ថ្ងៃនេះ៕
