អង្គការប្រទេសនាំប្រេងចេញ ដែលហៅកាត់ថា OPEC និងបណ្តាប្រទេសផលិតប្រេង ដែលមិនមែនជាសមាជិករបស់អង្គការ OPEC កាលពីថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨ បានយល់ព្រមគ្នា កាត់បន្ថយការផលិតប្រេងឆៅ ឱ្យមកនៅត្រឹម១,២លានបារ៉ែល ក្នុង១ថ្ងៃ ដែលនឹងចាប់អនុវត្តន៍ ពីខែមករា ឆ្នាំ២០១៩ សម្រាប់រយៈពេលសាកល្បង៦ខែដំបូង។ នេះបើយោងតាមប្រភពព័ត៌មាន Xinhua ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមកិច្ចព្រមព្រៀងដែលសម្រេច បានបង្ហាញថា ប្រទេសដែលជាសមាជិករបស់អង្គការ OPEC ត្រូវកាត់បន្ថយការផលិតប្រេង០,៨លានបារ៉ែល ក្នុង១ថ្ងៃ ខណៈដែលប្រទេសមិនមែនជាសមាជិក OPEC ដែលរួមបញ្ចូលទាំងប្រទេសរុស្ស៊ី ផង ត្រូវកាត់បន្ថយ០,៤លានបារ៉ែល ក្នុង១ថ្ងៃ ប៉ុន្តែគេមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីកិច្ចព្រមព្រៀងនេះទេ។
កិច្ចព្រមព្រៀងនេះបានកើតឡើង បន្ទាប់ពីប្រទេសអ៊ឺរ៉ង់ ត្រូវបានគេផ្តល់ឱ្យការលើកលែងឱ្យនាំចេញប្រេងបណ្តោះអាសន្ន បើទោះជាជាប់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ក៏ដោយ។
ដោយសារតែការផលិតប្រេងរបស់សហរដ្ឋអាមេរិក កើនឡើង២,៥លានបារ៉ែល ក្នុង១ថ្ងៃ ចាប់តាំងពីដើមឆ្នាំ២០១៦ មកដល់១១,៧លានបារ៉ែល ក្នុង១ថ្ងៃ ធ្វើឱ្យបណ្តាប្រទេសជាសមាជិករបស់ OPEC រងសម្ពាធខ្លាំងនៅក្នុងការប្រកួតប្រជែងទីផ្សារពិភពលោក។
ការសម្រេចចិត្តកាត់ចំនួនផលិតប្រេងរួមគ្នា ដែលធ្វើឡើងដោយសមាជិកអង្គការ OPEC និងមិនមែន OPEC ស្របពេលដែលតម្លៃប្រេងបានធ្លាក់ចុះប្រហែល៣០% ក្នុងរយៈពេល២ខែចុងក្រោយនេះ ដោយសារតែមានការផ្គត់ផ្គង់លើសតម្រូវការទៅទីផ្សារពិភពលោក។
លោក Alexander Novak រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ី នឹងកាត់បន្ថយការផលិតប្រេង ត្រឹម២% ពីការផលិតសរុប១១,៤លានបារ៉ែល ក្នុង១ថ្ងៃ កាលពីខែតុលា ឆ្នាំ២០១៨។
អង្គការ OPEC បានធ្វើសម្ព័ន្ធមិត្តជាមួយរុស្ស៊ី និងបណ្តាប្រទេសបូមប្រេងជាច្រើនទៀត កាលពីខែមករា ឆ្នាំ២០១៧ ដើម្បីធ្វើយ៉ាងណា ឱ្យមានតុល្យភាពតម្លៃប្រេងនៅលើទីផ្សារ។
ការកាត់បន្ថយចំនួនផលិតប្រេងរួមគ្នា ត្រូវបានគេមើលឃើញថា ជាយន្តការមួយដ៏ល្អ ហួសពីការរំពឹងទុក ខណៈពេលដែលសហរដ្ឋអាមេរិក ចង់ឱ្យអង្គការ OPEC រក្សាតម្លៃប្រេងឱ្យបានកាន់តែទាប៕