ទីបំផុត ប្រទេសហ៊្វីលីពីន ដែលមានគម្រោងទិញឧទ្ធម្ភាគចក្រចម្បាំង ប្រភេទ Black Hawk ចំនួន១៦គ្រឿង ដែលមានទឹកប្រាក់ជាង២៤០លានដុល្លារ ពីក្រុមហ៊ុនផលិតយន្តហោះចម្បាំងរុស្ស៊ី Sikorskoy Aircrft Corp ត្រូវបានផ្អាកទៅវិញ ដោយសារតែមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅលើការនាំចេញសព្វាវុធយោធាពីប្រទេសរុស្ស៊ី។
នេះគឺជាការរាំងស្ទះលើកទី២ របស់ប្រទេសហ៊្វីលីពីន បន្ទាប់ពីកាលពីឆ្នាំទៅមិញ គេមានគម្រោងទិញឧទ្ធម្ភាគចក្រ ប្រភេទ Bell ៤១២ ពីប្រទេសកាណាដា ប៉ុន្តែកិច្ចព្រមព្រៀងនោះ ត្រូវបានគេលុបចោល កាលពីខែកុម្ភៈ បន្ទាប់ពីប្រទេសកាណាដា បានសម្តែងក្តីព្រួយបារម្ភថា ហ៊្វីលីពីន អាចនឹងយកឧទ្ធម្ភាគចក្រចម្បាំងនេះ ទៅប្រយុទ្ធប្រឆាំងជាមួយនឹងពួកឧទ្ទាម។
ប្រទេសហ៊្វីលីពីន បានពិចារណាទិញឧទ្ធម្ភាគចក្រជាច្រើនប្រភេទពីបណ្តាប្រទេសផ្សេងៗគ្នា ដូចជាប្រទេសរុស្ស៊ី និងកូរ៉េខាងត្បូង។
លោក Lorenzana រដ្ឋលេខាធិការក្រសួងការពារជាតិហ៊្វីលីពីន បានឱ្យដឹងថា ទោះបីជារុស្ស៊ី លក់បញ្ចុះតម្លៃ ប៉ុន្តែវាពិបាកដើម្បីទិញឧទ្ធម្ភាគចក្រពីប្រទេសនេះ ដោយសារតែរុស្ស៊ី កំពុងជាប់ទណ្ឌកម្មជាមួយសហរដ្ឋអាមេរិក។
គួររំលឹកថា ថ្មីៗនេះ សហរដ្ឋអាមេរិក កំពុងតែបង្កើនសម្ពាធសាជាថ្មីជាមួយនឹងប្រទេសរុស្ស៊ី ដោយសារតែរុស្ស៊ី ធ្វើបាបសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសអ៊ុយក្រែន។
កាលពីសប្តាហ៍មុន ទាហានជើងទឹករុស្ស៊ី បានចាប់នាវាល្បាតរបស់អ៊ុយក្រែន និងឃុំខ្លួនកងទ័យជើងទឹក ចំនួន២៣នាក់។ ជាងនេះទៅទៀត អាមេរិក កំពុងតែគំរាមរុស្ស៊ី ដោយទុករយៈពេល៦០ថ្ងៃ ឱ្យអនុវត្តកិច្ចព្រមព្រៀងឈប់ផលិតអាវុធនុយក្លេអ៊ែរ បើមិនដូច្នោះទេ សហរដ្ឋអាមេរិក នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះទៀត៕ (Photo : Albilad )