យោងតាមប្រភពព័ត៌មានពីលោក Gary Neville អតីតកីឡាករខ្សែការពារក្លឹបបិសាចក្រហម បានព្យាករណ៍ថា លោក Jose Morinho អាចនឹងត្រូវគេបណ្ដេញចេញពីក្លឹប Man Utd នៅពេលឆាប់ៗ ខាងមុខនេះ។
ការលើកឡើងរបស់លោក Gary Neville បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ រូបនេះ ដឹកនាំបរាជ័យក្រោមថ្មីជើងរបស់ហង្សក្រហម ដោយលទ្ធផល Liverpool ៣-១ កាលពីរាត្រីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Sky Sports លោក Gary Neville បាននិយាយថា “ខ្ញុំគិតថា ការបណ្តេញ Jose Morinho ចេញពីតំណែងអាចនឹងកើតឡើង’’។
លោក Neville ជឿជាក់ថា លទ្ធផលចុងក្រោយនេះ ប្រហែលជាពេលវេលាចុងក្រោយសម្រាប់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ នៅកីឡដ្ឋាន Old Trafford។
នេះគឺជាបរាជ័យលើកទី៥ របស់ Man Utd ក្នុងរដូវកាលនេះ ធ្វើឲ្យក្រុមរបស់គេឈរលេខរៀងទី៦ ក្នុងតារាងពិន្ទុ ប៉ុន្តែលោកMorinho នៅតែមានទំនុកចិត្តថា លោកអាចនាំក្រុមឡើងកំពូលទាំង៤បាន។
នៅក្នុងការប្រកួត ក្រុមបិសាចក្រហម Man Utd មិនអាចទម្លុះខ្សែការពារ Liverpool បានទាល់តែសោះ ខណៈស្របពេលដែលខ្សែប្រយុទ្ធ Sadio Mane និង Shaqiri ជាអ្នករកគ្រាប់បាល់ជ័យជម្នះ ធ្វើឲ្យ Man Utd និង Liverpool ដាច់គ្នាដល់១៩ពិន្ទុ៕ (Photo: Sky Sport)