ខេត្តព្រះវិហារ ៖ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល ចេញបទបញ្ជាក្តៅក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងការដឹកជញ្ជូនបទល្មើសព្រៃ និងឈើប្រណីតយកទៅលក់ប្រទេសជិតខាងយ៉ាងណា ក៏សកម្មភាពបទល្មើសព្រៃឈើ នៅតែពុំមានការថមថយចុះទាល់តែសោះ ផ្ទុយទៅវិញ កាន់តែកើតឡើងយ៉ាងគំហុក។
ជាក់ស្តែង តាមប្រភពព័ត៌មានបានរាយការណ៍មកថា ក្រុមហ៊ុនខេមបូឌាប្លូហេវិន ឬហៅក្រុមហ៊ុនព្យូជ្រូក ដោយមានការឃុបឃិត បើកភ្លើងខៀវពីមន្ត្រីបរិស្ថាន បានអនុញ្ញាតឱ្យក្រុមឈ្មួញបទល្មើសព្រៃឈើ និងបក្ខពួកធ្វើចរាចរដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងរលូន និងថែមទាំងមានក្រុមអាជ្ញាធរពាក់ព័ន្ធ បើកផ្លូវក្នុងការដឹកជញ្ជូនទៀតផង។
ប្រភពព័ត៌មានពីប្រជាសហគមន៍ព្យូជ្រូក នឹងសហគមន៍ពោធិរៀង បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានថា កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនខមបូឌាប្លូហេវិន ឬហៅក្រុមហ៊ុនព្យូជ្រូក បាននឹងកំពុងចូលកាប់ឈើក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព្យ និងក្នុងដែនសហគមន៍ទាំង២ខាងលើ ដោយមានការឃុបឃិតគ្នាជាមួយមន្ត្រីបរិស្ថាន មិនត្រឹមតែលួចកាប់ឈើនៅក្នុងដែនព្រៃការពារស្រុកគូលែន ទេ បានចូលទៅកាប់ឈើនៅក្នុងដែនព្រៃការពារស្រុកជាំក្សាន្ត ថែមទៀតផង។
ប្រភពដដែលបន្តថា ការចាប់រថយន្តដឹកឈើរបស់ក្រុមហ៊ុនខេមបូឌាប្លូហេវិន ខាងលើ មានចំនួន៤ដងមកហើយ ដោយមានលោកសេន ឡាំ តំណាងក្រុមហ៊ុនបានមកធ្វើកិច្ចសន្យាបញ្ឈប់ឱ្យកូនចៅរបស់ខ្លួនចូលលួចកាប់ឈើក្នុងសហគមន៍តទៅទៀត។ ចំណែកប្រជាសហគមន៍ព្យូជ្រូក បានរាយការណ៍ថា ក្រុមហ៊ុនខេមបូឌាប្លូហេវិន កំពុងប្រមូលទិញឈើពីប្រជាពលរដ្ឋ ដោយប្រើវិធីគាបជំរិត បង្ខំឱ្យប្រជាពលរដ្ឋលក់ឱ្យក្រុមហ៊ុនក្នុងតម្លៃថោកបំផុត។
ប្រភពខាងលើ អះអាងថា ឈើដែលប្រជាពលរដ្ឋអារតាមដីស្រែរបស់ពួកគាត់ យកមកប្រើប្រាស់ក្នុងលក្ខណៈគ្រួសារ ត្រូវបានក្រុមហ៊ុនចាប់បង្ខំឱ្យលក់ជូនក្រុមហ៊ុន ដោយប្រើគំនាប របៀបគំរាមកំហែង គាបសង្កត់ ពោលគឺបើមិនលក់ឱ្យក្រុមហ៊ុនទេ គេឱ្យមន្ត្រីខាងបរិស្ថានចាប់ដាក់គុក ដោយយកលេសនេះលេសនោះមក ដាក់ធ្វើការចោទប្រកាន់ ដោយសារខ្លាចក្រុមហ៊ុន និងមន្ត្រីបរិស្ថានចាប់ដូចករណីប្រជាពលរដ្ឋ២នាក់មុនៗ ក៏បង្ខំចិត្តលក់ឈើឱ្យក្រុមហ៊ុន ក្នុងតម្លៃថោកបំផុតឱ្យខាងក្រុមហ៊ុន។
ការប្រើរូបភាពដូចខាងលើរបស់ក្រុមហ៊ុនខេមបូឌាប្លូហេវិន ត្រូវបានមើលឃើញថា កំពុងអនុវត្តន៍ខុសទៅនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដែលហាមមិនឱ្យក្រុមហ៊ុនប្រមូលទិញឈើក្រៅរង្វង់ដែនដីសម្បទានសេដ្ឋកិច្ចរបស់ខ្លូន និងហាមមិនឱ្យចូលកាប់ឈើក្នុងដែនព្រៃការពារគូលែនព្រហ្មទេព ពិសេស ដីព្រៃសហគមន៍។
លោកឆន វ៉ាន់ថា អនុប្រធានសហគមន៍ពោធិរៀង សំណូមពរដល់គណៈអភិបាលខេត្ត មេត្តាជួយមានវិធានការពង្រឹង និងទប់ស្កាត់ការបំផ្លាញសម្បត្តិធនធានធម្មជាតិនេះផង។ លោកបន្តថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្ស ក៏ត្រូវគិតថា ទី១-ការខាតបង់ព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ ត្រូវបានបាត់បង់ រលាយហិនហោច ទី២-សត្វព្រៃដ៏សម្បូរបែបរបស់ខ្មែរខ្វះទីជម្រក ត្រូវរត់ចាកចេញពីទឹកដីខ្មែរ។ ចំណុចទាំងអស់នេះ តើនរណាទទួលខុសត្រូវ? ប្រការនេះហើយ ទើបប្រជាពលរដ្ឋអំពាវនាវឱ្យលោកឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ មេត្តាចាត់វិធានការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើនេះឱ្យមានប្រសិទ្ធភាពផង៕