ប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក២០២២ កាតា បានសម្រេចតម្លើងពន្ធ១០០ភាគរយ ទៅលើគ្រឿងស្រវឹងគ្រប់ប្រភេទ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។
នេះបើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាល ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃអង្គារ ទី០១ ខែមករា ឆ្នាំ២០១៩។
ការតម្លើងពន្ធនេះ បានកើតឡើងតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រទេសឈូងសមុទ្រមួយនេះ បានប្រកាសពីគម្រោងថវិកាប្រចាំឆ្នាំ ដែលណែនាំឱ្យមានការដកហូតពន្ធចំពោះទំនិញដែលប៉ះពាល់សុខភាព។
គោលនយោបាយតម្លើងពន្ធនេះ ត្រូវបានគេណែនាំដោយក្រុមហ៊ុនចែកចាយហាងលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ដែលត្រូវបង់ពន្ធ១០០ភាគរយ។

ពន្ធថ្មីនេះ គឺស្រាប្រភេទ Bombay Sap-phire ត្រូវឡើងដល់៩៣ដុល្លារ ក្នុង១ដប។ ស្រាបៀរ Heineken ១កេស ២៤កំបុង ស្មើនឹង១០៥ដុល្លារ។
វាគឺស្របច្បាប់ក្នុងការទិញគ្រឿងស្រវឹង នៅក្នុងប្រទេសកាតា ដោយមានការអនុញ្ញាតនៅតាមក្លឹបកម្សាន្ត សណ្ឋាគារ តែការផឹកនៅតាមទីសាធារណៈ គឺត្រូវបានហាមឃាត់។
អ្នករៀបចំការប្រកួតបាល់ទាត់ពិភពលោក នៅក្នុងប្រទេសកាតា បានឱ្យដឹងថា គ្រឿងស្រវឹង នឹងមានដាក់លក់សម្រាប់អ្នកគាំទ្រនៅក្នុងតំបន់កំណត់ ប៉ុន្តែមិនអាចផឹកនៅតាមទីសាធារណៈ ដើម្បីគោរពប្រពៃណីដល់ម្ចាស់ផ្ទះ៕