យោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ ២០១៩ បានឱ្យដឹងថា ភ្ញៀវទេសចររាប់ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីតំបន់កោះកម្សាន្តនានា នៅភាគខាងត្បូងប្រទេសថៃ ក្រោយពីមានការព្រមានវាយប្រហារដោយខ្យល់ព្យុះត្រូពិក ប៉ាប៊ុក (Pabuk)។
ប៉ាប៊ុក គឺជាព្យុះត្រូពិក លើកដំបូងក្នុងរយៈពេល៣០ឆ្នាំ ដែលបានកើតឡើងនៅក្នុងតំបន់ខាងក្រៅរដូវខ្យល់មូសុង។
អគ្គនាយកដ្ឋានក្រសួងឧតុនិយមថៃ បានចេញសេចក្តីព្រមានដល់ភ្ញៀវទេសចរ និងពលរដ្ឋរបស់ខ្លួន ដែលនៅជិតតំបន់ដែលមានខ្យល់ព្យុះត្រូពិកវាយប្រហារ។
ខ្យល់ព្យុះនេះមានល្បឿន១០០គីឡូម៉ែត្រ ក្នុង១ម៉ោង និងកម្ពស់ចន្លោះពី៣ទៅ៧ម៉ែត្រ នឹងធ្វើដំណើរមកដល់តំបន់កោះទាំងនេះ នៅម៉ោង៥ល្ងាចថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។ គិតមកដល់ម៉ោង៥ល្ងាចនេះ ភ្លៀង និងខ្យល់ចាប់ផ្តើមវាយប្រហារហើយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងមានរបួសជាច្រើន ព្រមទាំងបំផ្លាញផ្ទះសម្បែង ដើមឈើ និងបង្គោលភ្លើង ផងដែរ។

លោក Putthipong Punnakanta អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន CNN ថា ខ្យល់ព្យុះនេះនឹងធ្វើឱ្យប៉ះពាល់ដល់ខេត្តភាគខាងត្បូងរបស់ថៃ ចំនួន១៦។
លោកបានឱ្យដឹងទៀតថា កោះកម្សាន្តល្បីៗរបស់ថៃ មានដូចជា កោះសាមុយ (samu) ផាងហ្គែន (Pangan) តាវ (Tao) និងកោះភីភី (Phi Phi) សុទ្ធតែជាមុខសញ្ញាវាយប្រហារដោយព្យុះប៉ាប៊ុក។
ជាមួយគ្នានេះដែរ ជើងហោះហើរមួយចំនួន ត្រូវបានលុបចោល។
គួររំឭកថា ព្យុះចុងក្រោយដែលកើតឡើងក្នុងប្រទេសថៃ មានឈ្មោះថា ហារ៉េត បណ្តា ឱ្យមានភ្លៀងនិងបាក់ដីនៅក្នុងប្រទេសថៃ ដែលបានកើតឡើងកាលពីឆ្នាំ១៩៦២ វាយប្រហារទៅលើខេត្តចំនួន១២ និងឆក់យកជីវិតមនុស្សជាង ៩០០នាក់៕