Dani Alves កីឡាករខ្សែការពារក្លឹប Paris SG បានបង្ហាញចំណាប់អារម្មណ៍ចង់បន្តអាជីពលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក២០២២ នៅប្រទេសកាតា។ ការលើកឡើងរបស់ Dani Alves បែបនេះដោយសារតែទម្រាំដល់ការប្រកួតបាល់ទាត់ពិភពលោក២០២២ គាត់មានអាយុជាង៣៩ឆ្នាំ។ ក្រុមជម្រើសជាតិភាគច្រើនមិនត្រូវការកីឡាករមានវ័យចំណាស់នោះទេ។

Dani Alves ខកខានការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ដោយសាររបួសក្បាលជង្គង់ស្តាំ ២-៣សប្តាហ៍ មុនការប្រកួតចាប់ផ្តើម នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតប្រេស៊ីល Folha de Saulo កីឡាករវ័យ៣៥ឆ្នាំ បាននិយាយថា “គោលដៅរបស់ខ្ញុំ គឺត្រូវប្រយុទ្ធយកកៅអីមួយបានលេងនៅឆ្នាំ២០២២។ ខ្ញុំដឹងថា វានៅឆ្ងាយណាស់ ប៉ុន្តែយើងត្រូវរៀបចំឱ្យហើយ ដើម្បីសម្រេចគោលដៅនេះ”។
កីឡាកររូបនេះ បានឱ្យដឹងទៀតថា “ភាពវ័យឆ្លាត គឺសំខាន់ណាស់សម្រាប់បាល់ទាត់ មិនមែនសំខាន់រាងកាយ និងអាយុនោះទេ។ ការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក គឺជារឿងមួយសំខាន់ណាស់ សម្រាប់ធ្វើឱ្យប្រទេសសប្បាយ ខណៈការប្រកួតឆេមពានលីក ឬយូរ៉ូប៉ាលីក វាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះសម្រាប់អ្នកគាំទ្រ”៕