ស្របពេលដែលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កំពុងបើកកិច្ចប្រជុំរកដំណោះស្រាយបញ្ចប់ជម្លោះសង្គ្រាមពាណិជ្ជកម្ម លោកគីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ ជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជីងពីន។
នេះគឺជាដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ លើកទី៤ របស់មេដឹកនាំគីម ជុងអ៊ុន មកកាន់ ទីក្រុងប៉េកាំង។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោកគីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាង កាលពីវេលាថ្ងៃត្រង់ ថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩ ជាមួយភរិយារបស់លោក គឺលោកស្រី Ri Sol Ju និងអមដំណើរដោយមន្ត្រីការទូតសំខាន់ៗ រួមទាំងលោកគីម ជុងឆុល ដែលជាអន្តរការីជំនួបចរចារវាងអាមេរិក និងកូរ៉េខាងជើង។
ទាក់ទងទៅនឹងរបៀបវារៈនៃជំនួបរវាងមេដឹកនាំទាំងពីរ ពុំត្រូវបានផ្សព្វផ្សាយឱ្យបណ្តាញព័ត៌មានដឹងនោះទេ។

ទោះជាយ៉ាងណាក្តី ដំណើរបំពេញទស្សនៈកិច្ចរបស់លោកគីម ជុងអ៊ុន មកកាន់ទីក្រុងប៉េកាំង ត្រូវបានគេមើលឃើញថា ចិន គឺជាអ្នកសម្របសម្រួលមួយ បំបែកភាពទាល់ច្រក និងការដោះស្រាយស្ថានភាពការទូត ដែលជាប់គាំងរវាងអាមេរិក និងកូរ៉េខាងជើង។ ម៉្យាងវិញទៀត កូរ៉េខាងជើង គឺជារដ្ឋមួយដែលដើរតួនាទីសំខាន់ ធ្វើឱ្យមានតុល្យភាព រវាងមហាអំណាចអាមេរិក និងចិន ផងដែរ។
លើសពីនេះទៀត ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានគេមើលឃើញថា អាចជាការបើកផ្លូវឱ្យមានជំនួបប្រជុំកំពូលលើកទីពីរ រវាងកូរ៉េខាងជើង និងអាមេរិក ដែលកំពុងតែខ្វែងគំនិតគ្នា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗចុងក្រោយនេះ។
កូរ៉េខាងជើង ធ្លាប់ព្រមានអាមេរិក ថា ប្រសិនបើនៅតែប្រកាន់ជំហរបន្តដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួន អាចនឹងជ្រើសរើសយកផ្លូវផ្សេង ដោយមិនកាត់រំសាយអាវុធនុយក្លេអ៊ែរ នោះទេ”