យោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Jim Yong Kim ប្រធានធនាគារពិភពលោក បានសម្រេចចិត្តលាលែងចេញពីតំណែង មុនពេលបញ្ចប់អាណត្តិ ដែលនៅសល់រយៈពេលជិត៣ឆ្នាំទៀត។ ការប្រកាសលាលែងនេះ គឺជាការបើកផ្លូវទៅឱ្យប្រធានាធិបតីដូណាល់ ត្រាំ ស្វែងរកបេក្ខជនដែលស័ក្តិសមចូលមកបំពេញតំណែងនេះ។
កាលពីថ្ងៃអង្គារ បណ្តាញសារព័ត៌មាន CNN មិនអាចសុំការអត្ថាធិប្បាយពីសេតវិមាន ថា តើប្រធានាធិបតីដូណាល់ ត្រាំ នឹងតែងតាំងប្រធានថ្មី ឬក៏ដាក់បញ្ជីឈ្មោះបេក្ខជនដែលមានសក្តានុពល ដើម្បីបោះឆ្នោតឱ្យកាន់តំណែងនេះ។
ប្រភពព័ត៌មានមួយ ដែលសុំមិនបញ្ចោញឈ្មោះ បានឱ្យដឹងថា កូនស្រីរបស់ប្រធានាធិបតី គឺនាង Ivanka Trump អាចនឹងចូលមកស្នងតំណែងនេះ។

អាណត្តិប្រធានធនាគារពិភពលោក របស់លោក Jim Yong Kim ត្រូវអស់សុពលភាពនៅឆ្នាំ២០២១។ ទាក់ទងទៅនឹងការសម្រេចចិត្តចុះចេញពីតំណែង ពុំមានប្រភពព័ត៌មានណាមួយ បង្ហើបឱ្យដឹងនោះទេ។
ចាប់តាំងពីបង្កើតធនាគារពិភពលោក ក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ ប្រធានធនាគារពិភពលោក ត្រូវបានដឹកនាំដោយជនជាតិអាមេរិក ហើយតំណែងនេះត្រូវបានតែងតាំងដោយប្រធានាធិបតី។
សហរដ្ឋអាមេរិក មានភាគហ៊ុនធំបំផុតនៅក្នុងធនាគារពិភពលោក។ កាលពីឆ្នាំ២០១២ ក្នុងអាណត្តិប្រធានាធិបតី បារ៉ាក់ អូប៉ាម៉ា បានកែប្រែប្រវត្តិសាស្ត្រ ដោយជ្រើសរើសប្រធានធនាគារពិភពលោក មកពីទ្វីបអាស៊ី វិញ។

មេដឹកនាំធនាគារពិភពលោក ក៏ដូចជាអង្គការមូលនិធិរូបីយប័ណ្ណអន្តរជាតិ ភាគច្រើន កាន់កាប់ដោយបេក្ខជននៅក្នុងទ្វីបអឺរ៉ុប”