អតីតកីឡាករចាំទី Petr Cech ក្លឹបតោខៀវ Chelsea ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបកាំភ្លើងធំ Arsenal បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ នៅដំណាច់រដូវកាលនេះ។
នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
កីឡាករវ័យ៣៦ឆ្នាំរូបនេះ បានចូលមកលេងឲ្យក្លឹប Arsenal តាំងពីខែមិថុនា ឆ្នាំ២០១៥ ក្រោយពីចំណាយពេល១១ឆ្នាំ នៅជាមួយChelsea ។
Petr Cech បាននិយាយថា “នេះគឺរដូវកាលទី២០ នៅក្នុងអាជីពបាល់ទាត់ ចាប់តាំងពីចុះកុងត្រាក្នុងលីកបាល់ទាត់អាជីព ដូច្នេះខ្ញុំគិតថា វាជាពេលវេលាដ៏សមស្របដើម្បីសម្រាក”។
កីឡាករសញ្ជាតិឆែក រូបនេះ ដែលបានចំណាយយពេល១៥ឆ្នាំ នៅក្របខណ្ឌប្រឺមីញេលីក បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានអ្វីៗទាំងអស់ ដូច្នេះវាដល់ពេលដែលខ្ញុំត្រូវចូលនិវត្តន៍ហើយ”។
កីឡាករចាំទីចាស់វស្សារូបនេះ បានបន្តឲ្យដឹងទៀតថា “ខ្ញុំនឹងបន្តប្រឹងប្រែងជាមួយក្លឹប Arsenal ក្នុងក្តីសង្ឃឹមថា អាចនឹងឈ្នះពានមួយសម្រាប់រដូវកាលនេះ”។
អាជីពបាល់ទាត់របស់ Petr Cech បានស្ថិតក្នុងសភាពសង្ស័យ កាលពីថ្ងៃតុលា ឆ្នាំ២០០៦ នៅពេលវះកាត់លលាដ៍ក្បាល ក្រោយប៉ះទង្គិចជាមួយកីឡាករ Stephen Hunt របស់ក្លឹប Reading។
កីឡាករចាំទី Petr បានបំបែកកំណត់ត្រារារាំងបាល់មិនឲ្យចូលទី បាន ២២៨ប្រកួត ទៅលើអតីតកីឡាករចាំទីជម្រើសជាតិអង់គ្លេស Peter Bonetti ដែលអាចការពារបាល់មិនឲ្យចូលទី បាន២០៨ប្រកួត៕