Mario Balotelli អតីតខ្សែប្រយុទ្ធក្លឹបមេឃខៀវ Man City និង Liverpool គ្រោងនឹងចាកចេញពីក្លឹប Nice ទៅលេងនៅក្លឹប Marseille សម្រាប់រដូវកាលបន្ទាប់។
កីឡាករសញ្ជាតិអ៊ីតាលី រូបនេះ បានមកលេងឲ្យក្លឹបបាល់ទាត់ Nice កាលពីឆ្នាំ២០១៦ ក្រោយផ្ទេរមកពីហង្សក្រហម Liverpool ដោយគ្មានតម្លៃខ្លួន។
សម្រាប់រដូវកាលនេះ Balotelli មិនទាន់រកគ្រាប់បាល់បានមួយគ្រាប់ទេក្នុង១០ប្រកួត។
កីឡាករដែលសម្បូរទៅដោយរឿងអាស្រូវរូបនេះ ធ្លាប់ជួយឲ្យក្លឹប Man City ឈ្នះពានប្រឺមីញេលីក រដូវកាល២០១១-១២ និងចំណាយពេលមួយរដូវកាលនៅជាមួយ Liverpool មុនពេលទៅចូលរួមជាមួយក្លឹប Milan ក្នុងលក្ខខណ្ឌខ្ចីជើង។

Balotelli មិនបានចូលទីលានប្រកួតចាប់តាំងពីថ្ងៃទី៤ ខែធ្នូ ក្រោយពេលផ្ទុះជម្លោះជាមួយគ្រូវបង្វឹក Patrick Vieira។
លោក Patrick Vieira កាលពីសប្តាហ៍មុន បានស្តីឲ្យកីឡាកររូបនេះ ទៅសម្រាកនៅផ្ទះ បើសិនមិនព្រមកែប្រែចរិត ទម្លាប់អាក្រក់មកហ្វឹកហាត់យឺតពេល។
កុងត្រារបស់ Balotelli ជាមួយក្លឹប Nice ត្រូវផុតសុពលភាពជាមួយក្លឹបNice នៅដំណាច់រដូវកាលនេះ៕