Loading...

ញញួរ​ប្រើ​កើត ព្រោះ​មាន​ដង

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 1:40 am

គម្រោងធ្វើមហាបាតុកម្មរបស់បក្សប្រឆាំង និងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ឱ្យកងកម្លាំងប្រដាប់អាវុធត្រៀមបង្ក្រាប មហាបាតុកម្មនោះ ប្រៀបបាននឹងញញួរ២ ដែល “ញញួរ១មានដង ឯញញួរ១ទៀតអត់ដង”។ ការព្រមានប្រើកម្លាំងមហាជន និងកម្លាំងប្រដាប់អាវុធ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងសុខសន្តិភាព ចេះតែប្រហោងពោះមិនបាត់សោះ ដោយខ្លាចតែអ្នកនយោបាយនិយាយមែនទែន ឬថា “ហ៊ានថា ហ៊ានធ្វើ”។ ទោះយ៉ាងណា សុភាសិតខ្មែរថា “ញញួរប្រើកើត ព្រោះមានដង” តម្រូវឱ្យមានការពិចារណាដែរ ទើប “នគរធំ” សូមលើករឿងញញួរ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ញញួរ” គឺជាឧបករណ៍ធ្វើពីដែកថែប សម្រាប់វាយបំបែកថ្ម ឬដំកាំបិត ពូថៅ ដំក្បាលដែកគោលបញ្ចុះក្នុងរនាបគ្រែ ជាដើម។ ធម្មតា ញញួរ លុះត្រាតែមានដង ទើបប្រើការកើត សូម្បីញញួរចាស់ដែលបាក់ដង លុះត្រាតែផ្លាស់ថ្មីទៀត ទើប ប្រើប្រាស់បាន។ ញញួរមានតូចធំ ដូចជាញញួរជាងដែក ញញួរជាងទង ញញួរជាងឈើ មានខ្នាតខុសគ្នា ប៉ុន្តែ ញញួរណាក៏ សម្រាប់វាយបំបែក ឬដំដូចគ្នា។

បើយកលក្ខណៈរបស់ញញួរ ទៅឆ្លុះមើលតថភាពសង្គម យើងឃើញថា បទបញ្ជារបស់នាយករដ្ឋមន្ត្រី ទៅបណ្តាក្រសួង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនោះ គឺជា “ញញួរខ្នាតធំ” ដែលមានដងវែងសម្រាប់វាយបំបែកថ្មភ្នំ យកទៅចាក់ថ្នល់ បាន។ ញញួររដ្ឋាភិបាល ក៏អាចយកទៅវាយបំបាក់ចម្រឹងដែក ឬជញ្ជាំងបេតុងដ៏ក្រាស់បានដែរ ឯអ្នកកាន់ញញួរធំនោះ មាន កម្លាំងខ្លាំង អាចលើកញញួរមិនចេះនឿយហត់។ រីឯគម្រោងការរបស់មេបក្សប្រឆាំង ពុំមែនជាបទបញ្ជានោះទេ គឺគ្រាន់តែ ជា “សំណូមពរ ឬកៀងគរ” ប៉ុណ្ណោះ ដែលអាចប្រៀបបាននឹង “ញញួរខ្នាតតូច” ដែលមានដងខ្លីពិបាកកាន់ ដែលសព្វថ្ងៃ ដង ញញួរនោះចេះតែសណ្តកចេញពីផ្លែ ពិបាកប្រើការណាស់។

យ៉ាងណាមិញ ករណីមេបក្សប្រឆាំង ប្រកូកប្រកាស សម្រេចរៀបចំផែនការធ្វើមហាបាតុកម្ម ដោយបង្កើតគណៈកម្មការ ដឹកនាំការប្រមូលផ្តុំ កៀងគរអ្នកគាំទ្រតាមបណ្តាខេត្តនានាឱ្យចូលរួមនោះ ទំនងជាមិនអាចទៅរួចទេ ដោយហេតុថា “ញញួរ ប្រើកើត ព្រោះមានដង” គឺបើអត់ដង ពិបាកប្រើណាស់។ កន្លងមកយើងឃើញថា គ្រប់បាតុកម្ម កូដកម្មនានា ក្រោយពេល បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ មក គេតែងសង្កេតឃើញលោកសម រង្ស៊ី និងលោកកឹម សុខា ជិះលើរថយន្ត ស្រែកតាមមីក្រូ លើកទឹកចិត្តក្រុមបាតុករឱ្យស្ទុះស្ទាទៅមុខ ដូចករណីបាតុកម្មនៅទីលានប្រជាធិបតេយ្យ ជាដើម តែងតែ មានវត្តមានមេបក្សប្រឆាំងទាំង២រូបនេះ។ បើមានមេបក្សស្រែកជំរុញ និងដឹកនាំផ្ទាល់បែបនេះ បាតុករមិនងាយរត់ចោល ជួរទេ ទោះជាសមត្ថកិច្ចរាជរដ្ឋាភិបាល បង្ក្រាបយ៉ាងណា ក៏ “ញញួរបក្សប្រឆាំង នៅតែដំប៉ុងប៉័ង! ទៅលើជញ្ជាំងប្រជាធិប- តេយ្យ សេរីពហុបក្ស” តាមរយៈ “សិទ្ធិក្នុងការធ្វើបាតុកម្ម” ដែលមានចែងក្នុងច្បាប់។ ឥឡូវមិនដូចមុនទេ ដោយហេតុថា លោកសម រង្ស៊ី រស់នៅក្រៅស្រុក ឯលោកកឹម សុខា ឃុំខ្លួនឯងក្នុងទីស្នាក់ការគណបក្ស មិនខុសពី “ញញួរបាក់ដង”។ ពួក លោកពុំអាចដឹកនាំមហាបាតុកម្មដោយផ្ទាល់ ដូចពីមុនបានឡើយ ហើយបើសង្ឃឹមសហការីជំនិតទៅដឹកនាំ មិនមែនស្រួល ដូចខ្លួនឯងទេ។ បើគ្មានមេកោយចុះដឹកនាំផ្ទាល់ ច្បាស់ជាហ្វូងបាតុករបែកខ្ញែកគ្នាអស់មិនខាន ព្រោះថា ញញួរអត់ដង គេ ត្រូវទុកចោល នឹងយកទៅប្រើការអ្វីក៏មិនកើតដែរ។

គួរយល់ថា កាលលោកសេនាប្រមុខលន់ នល់ នៅមានកាយសម្បទាគ្រប់គ្រាន់ អាចចុះដល់សមរភូមិនោះ កងកម្លាំង សាធារណរដ្ឋខ្មែរ ខ្លាំងណាស់។ លុះលោកប្រធានាធិបតី ធ្លាក់ខ្លួនពិការមួយចំហៀងខ្លួន ចេញទៅព្យាបាលជំងឺនៅបរទេស ធ្វើឱ្យកងកម្លាំងចុះខ្សោយ ប្រៀបបាននឹង “ញញួរអត់ដង”។ ដោយឡែក កាលប៉ុល ពត នៅរស់ ទោះជាកងទ័ពខ្មែរក្រហម ក្លាយជាកងទ័ពឧទ្ទាម ក៏កងទ័ពវៀតណាម ពិបាកយកឈ្នះ ប៉ុន្តែ ក្រោយពេលប៉ុល ពត ស្លាប់ ឯតាម៉ុក ត្រូវរដ្ឋាភិបាលចាប់- ខ្លួន ខណៈដែលមេខ្មែរក្រហមសំខាន់ៗ ចុះចូលអស់នោះ ធ្វើឱ្យកម្លាំងខ្មែរក្រហម រលាយក្លាយជាកងទ័ពជាតិ។ កម្លាំងហ៊្វុន- ស៊ិនប៉ិច មុនដំបូងក៏ខ្លាំងដែរ ប៉ុន្តែ ក្រោយពេលបាត់បង់ឧត្តមសេនីយ៍សំខាន់ៗ ខណៈដែលសម្តេចក្រុមព្រះ ធ្លាក់តំណែង ធ្វើ- ឱ្យហ៊្វុនស៊ិនប៉ិច ចុះខ្សោយ រហូតរកតែកៅអី១គ្មានក្នុងរដ្ឋសភា។

ដូច្នេះយើងឃើញថា គណបក្សសង្គ្រោះជាតិ ដែលអំពាវនាវអ្នកគាំទ្រចូលរួមមហាបាតុកម្មនោះ លុះត្រាតែលោកសម រង្ស៊ី និងលោកកឹម សុខា ចុះដឹកនាំផ្ទាល់ ទើបមានប្រសិទ្ធភាព ប៉ុន្តែ បើត្រឹមស្រែកអំពាវនាវតាមវីដេអូខុនហ្វឺរ៉ិន 9ជៀនថរេនេចបេ ឬតាមហ្វេសប៊ុកនោះ ដូចញញួរអត់ដងអ៊ីចឹង។

ដោយឡែក គណបក្សប្រជាជនកម្ពុជា ដែលកំពុងក្តាប់អំណាចណែនដៃនោះ មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់មហា- បាតុកម្មរបស់បក្សប្រឆាំង។ បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “វាយពស់ត្រូវវាយក្បាលមុន” ច្បាស់ជា មិនខុសទេ ព្រោះសម្តេច ជាអ្នកកាន់ដងញញួរ ទោះជាចង់វាយក្បាលពស់ វាយថ្ម ឬវាយបំបែកកម្លាំងបាតុកម្ម ក៏ទៅរួច ទាំងអស់ ព្រោះញញួរនេះមានដងវែង។ ទោះយ៉ាងណា ករណីមេបក្សប្រឆាំង ប្រកូកប្រកាសរៀបចំមហាបាតុកម្មនោះ ទំនង ជា “ពាក្យកម្លាឱ្យធូរទ្រូង” ប៉ុណ្ណោះ មិនអាចក្លាយជាការពិតទេ។ ពួកលោកគ្រាន់តែថាភ្លាម ក៏មានក្បួនរថយន្តយោធា បើកទៅដល់ក្បែរទីស្នាក់ការស្រេចទៅហើយ បើអ៊ីចឹងនោះ ធ្វើអ្វីកើត? ឬថា បើក្បាលដែកគោលហើបពីរនាបប្ញស្សី ច្បាស់ ជាញញួរដំពន្លិចទៅវិញភ្លាម។

យើងកត់សម្គាល់បានថា ប្រជារាស្ត្រសម័យនេះ យកចិត្តទុកដាក់តែគណបក្សធំៗទាំងពីរហ្នឹង ដោយមិនសូវចាប់អារម្មណ៍ នឹងគណបក្សថ្មីៗទើបបង្កើតនោះទេ។ ដូច្នេះ អ្នកនយោបាយបក្សថ្មីនោះ គេចាំមើលជើងព្រួលដែរ បើឃើញបក្សសង្គ្រោះ- ជាតិ ក្លាយជា “ញញួរអត់ដង” គេនាំគ្នាជាន់ភ្លាម តាមរយៈការលើកសរសើរបក្សកាន់អំណាច ដើម្បីសេចក្តីសុខ តែគេបង្អាប់ បក្សប្រឆាំង ឬជួយរុញឱ្យខ្ទប់ជញ្ជាំងតែម្តង ដើម្បីស្រូបទាញអ្នកគាំទ្របក្សប្រឆាំង ឱ្យសម្លឹងមើល “ញញួរថ្មី” ឬបក្សថ្មី របស់គេ។

មានសំណួរមួយចោទឡើងក្នុងវេទិកាតុកាហ្វេថា “តើអ្នកគាំទ្របក្សប្រឆាំង ហ៊ានធ្វើបាតុកម្មតាមការអំពាវនាវរបស់ មេបក្សប្រឆាំង ដែរឬទេ?” ក៏មានចម្លើយច្រើនច្រក ដែលខ្លះថា “អាចនឹងធ្វើមិនខានទេ តែជាទ្រង់ទ្រាយតូច ដូចជា បំផុស កម្មករ កម្មការិនីរោងចក្រ” ជាដើម។ ចម្លើយខ្លះទៀតថា “មិនហ៊ានធ្វើទេ ព្រោះអ្នកធ្វើខ្លាចអាក្រោះ កន្ទុំរុយ គ្រាន់តែបើក មកក្រវែលបន្តិច ក៏បែកសម្បុកអស់”។ “នគរធំ” ក៏មានទស្សនៈថា បក្សប្រឆាំងមិនហ៊ានធ្វើទេ គ្រាន់តែថាឱ្យធូរទ្រូងប៉ុណ្ណោះ ព្រោះមេរៀនអតីតកាលមិនទាន់រលុបបាត់ទេ ខណៈដែលកងកម្លាំងប្រដាប់អាវុធ បង្ក្រាបអ្នកត្រាំត្រែងដេកននៀលរាប់ខែ នៅទីលានប្រជាធិបតេយ្យ និងការបង្ក្រាបនៅផ្លូវវេងស្រេង បណ្តាលឱ្យស្លាប់៥នាក់ និងរបួសជាង៣០នាក់នោះ។ ជំនាន់ នោះ បក្សប្រឆាំង ជាប្រភេទ “ញញួរមានដង” ពោលគឺ លោកសម រង្ស៊ី និងលោកកឹម សុខា ជាអ្នកដឹកនាំផ្ទាល់ ប៉ុន្តែពេល នេះ “ញញួរបាក់ដង” ទៅហើយ មិនអាចបង្កើតមហាបាតុកម្ម ដង្ហែតាមដងផ្លូវបានដូចពីមុនទៀតទេ។ ទោះយ៉ាងណាក៏ដោយ អ្នកនយោបាយគ្រប់និន្នាការ គួរតែកុំតាំងខ្លួនជាញញួរទើបល្អ ដោយទុកញញួរសម្រាប់តែជាងដែក ដំកាំបិត ពូថៅ ឬសម្រាប់ ជាងទង ដំគ្រឿងអលង្ការប្រសើរជាង។ ការប្រើញញួរធំ ឬកម្លាំងប្រដាប់អាវុធបង្ក្រាបហ្វូងបាតុករ បានត្រឹមតែស្លាប់ខ្មែរ ដូចគ្នា ឯអ្នកធ្វើបាតុកម្មនោះ តើបានចំណេញអ្វីខ្លះ? ឃើញខាតតែខ្មែរដូចគ្នាហ្នឹង។

សរុបទៅ “ញញួរប្រើកើត ព្រោះមានដង” មានន័យយ៉ាងនេះឯង។ បក្សប្រឆាំង បានក្លាយជាញញួរអត់ដងទៅហើយ មិនអាចយកប្រៀបលើញញួររដ្ឋាភិបាល ដែលមានដងនោះទេ។ ការអំពាវនាវឱ្យធ្វើបាតុកម្ម និងបទបញ្ជាឱ្យបង្ក្រាប ធ្វើឱ្យ ប្រជាពលរដ្ឋស្លូតត្រង់ភ័យបុកពោះគ្រប់គ្នា ព្រោះបើស្ថានការណ៍ទាំងពីរនេះកើតឡើង វាអត់ចំណេញ។ ហេតុនេះ គួរតែ បក្សប្រឆាំង ទម្លាក់ចោលការអំពាវនាវនោះទៅ ហើយបើគ្មានបាតុកម្ម ក៏គ្មានការបង្ក្រាបនោះដែរ ប៉ុន្តែ បើម្ខាងៗតាំងខ្លួន ជាញញួរដូចគ្នានោះ គ្រោះមហន្តរាយនឹងធ្លាក់ដល់ប្រជាពលរដ្ឋ និងមាតុភូមិមិនខានឡើយ៕

ដោយ ៖ អាចារ្យថាំ