
ភ្នំពេញ ៖ អ្នកនយោបាយ អ្នកវិភាគ និងអ្នកឃ្លាំមើល បានលើកឡើងថា ក្នុងស្ថានភាពដែលប្រទេសកំពុងទប់ទល់ជាមួយបច្ចាមិត្តបរទេសដែលឈ្លានពាន រំលោភអធិបតេយ្យ និងបូរណភាពទឹកដី បង្កជម្លោះជាតិសាសន៍ ខ្មែរ ចាំបាច់ត្រូវរួមសាមគ្គីជាធ្លុងមួយ ឯកភាពជាតិ ជាចម្បង ទម្លាក់ចោលទំនាស់និន្នាការនយោបាយ ងាកមករួបរួមខ្មែរតែមួយ ។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ដែលបានដឹកនាំសហការីចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងទ័ពកម្ពុជា ឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថា «ប្រទេសមានអាសន្ន ខ្មែរឯកភាពជាតិគ្នា ទប់ទល់នឹងសត្រូវបរទេសឈ្លានពាន ដោយទម្លាក់ចោលនូវទំនាស់និន្នាការនយោបាយ គ្មានទេបក្សកាន់អំណាច ឬបក្សជំទាស់ គឺខ្មែរតែមួយ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ថា យើងអត់ចង់ធ្វើសង្រ្គាម ឈ្លោះជាមួយប្រទេសជិតខាងទេ គឺចង់បានតែមិត្តភាព ភារតភាព ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សន្តិសុខជាតិ ជំនួញជួញដូរឲ្យគ្នាទៅវិញទៅមក ដែលមិនអាចកាត់ផ្ដាច់បាន ប៉ុន្តែនៅពេលគេជាន់ឈ្លីយើង រំលោភអធិបតេយ្យយើងហើយ យើងក៏ត្រូវទប់ទល់ក្នុងផ្លូវច្បាប់ ដើម្បីកុំឲ្យគេមកវាយតម្លៃប្រទេសជាតិយើង ជាន់ឈ្លីប្រទេសជាតិយើង តាមអ្វីដែលគេរំលោភច្បាប់ជាតិ និងអន្តរជាតិ ។ ដូច្នេះជារឿងដែលយើងត្រូវបង្ហាញនូវពហុគំនិត ការរួមសាមគ្គី ខ្មែរខ្លាំង ខ្មែរឈ្នះ បញ្ចប់ទំនាស់បុគ្គល ឯកភាពជាតិ ក្នុងនាមខ្មែរតែមួយ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមទៅនឹងសំណេររបស់ខ្ញុំ គឺថាយើងទប់ស្កាត់បរទេសឈ្លានពាន មិនមែនយើងទៅបង្កើតសត្រូវជាមួយប្រទេសជិតខាងទេ ។ បើប្រទេសជិតខាងមានភាតរភាព មានស្មោះត្រង់ ហើយគោរពនូវអធិបតេយ្យ ឲ្យតម្លៃគ្នាទៅវិញទៅមកក្នុងនាមញាតិជិតខាង ប្រទេសភូមិផងរបងជាមួយ គឺថាយើងចង់បានតែភាពស្មោះត្រង់ ហើយនិងឲ្យតម្លៃគ្នា គោរពគ្នា ជាគុណតម្លៃមួយដែលយើងត្រូវការយកប្រទេសជិតខាងជាញាតិទំនាក់ទំនងផ្នែកការបរទេស ទំនាក់ទំនងផលរបររកស៊ីជួញដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារឲ្យគ្នានូវអំពើទុច្ចរិត បទឧក្រិដ្ឋឆ្លងដែរន ឧក្រិដ្ឋកម្មជួញដូរមនុស្ស ឧក្រិដ្ឋកម្មអនឡាញផ្សេងៗ ទៅនឹងឃាតកម្ម ទៅនឹងការប្រើប្រាស់គ្រឿងញៀនឆ្លងដែន ទៅនឹងអសនិ្តសុខនៃប្រទេសជិតខាងហ្នឹង គឺថា វាជារឿងល្អនៃសន្តិភាពមួយ ដែលយើងទទួលយកបាន ដោយមិនខ្សែលើគ្នា មិនជាន់ឈ្លីគ្នា ។ អាហ្នឹងហើយដែលយើងចង់មានន័យថា ទប់ទល់ជាមួយនឹងបរទេសឈ្លានពាន ហើយខ្មែរយើងនេះ គឺថា ផ្ទៃក្នុងជាតិ ឯកភាពជាតិ បង្រួបបង្រួម ផ្សះផ្សាជាតិនេះ ក្នុងន័យថា យើងមិនមែនចេះតែឯកភាពជាតិជាមួយមនុស្សណាដែលមិនគោរពច្បាប់ប្រទេសរបស់ខ្លួន មនុស្សណាដែលតែងតែយកគំនុំនយោបាយមកកឲ្យខ្មែរបែកបាក់ មកឲ្យប្រទេសជាតិហ្នឹងមិនមានភាពជឿនលឿនក្នុងផ្នែកបដិវត្តន៍ផ្នត់គំនិត ឬក៏ទស្សនណាដែលធ្វើឲ្យរីកចម្រើន ធ្វើឲ្យជាតិមានសណ្ដាប់ធ្នាប់ មានវិន័យ មានសេចក្ដីថ្លៃថ្នូរនោះទេ គឺថាយើងមិនអាចទទួលយកបានទេ ប៉ុន្តែការដែលខ្ញុំចង់ឲ្យឯកភាពជាតិនេះ គឺខ្មែរនៅក្នុងប្រទេស ដូចជាបញ្ហានយោបាយ ការរើសអើងនិន្នាការបក្ស ការគាបសង្កត់ផ្នែកណាមួយដែលបក្សកាន់អំណាច គាត់មានអំណាច គាត់កាន់ប្រទេស ហើយគាត់គិតឃើញថា បក្សក្រៅរដ្ឋាភិបាល សុទ្ធតែជាសត្រូវ សុទ្ធតែមិនអាចយកការឯកភាព ការផ្សះផ្សាបាន ដោយសារហេតុផលនៃការមិនអនុវត្តនូវនីតិរដ្ឋ គោរពនូវស្ថាប័នជាតិ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងអាហ្នឹងជាលេសមួយ ដើម្បីបង្កើតនូវសត្រូវបងប្អូនឯង អាហ្នឹងមិនមែនជារឿងល្អទេ យើងគិតថា បក្សក្រៅរដ្ឋាភិបាល មានបក្សគេល្អ មានអ្នកនយោបាយដែលគេចង់ចូលរួមចំណែកជួយជាតិដែរ បើទោះបីគេមិនចូលនៅក្នុងគណបក្សរបស់ខ្លួន នៃបក្សកាន់អំណាច ក៏គេនៅក្រៅ បក្សក្រៅរដ្ឋាភិបាល ដែលមានអាសនៈនៅសភា ឬក៏មិនទាន់មានអាសនៈនៅក្នុងសភា ប៉ុន្តែគេគោរពច្បាប់ ហើយគេមានរបៀបបើកបក្ស ដើម្បីបង្រៀនដល់ពលរដ្ឋម្ចាស់ឆ្នោត ឲ្យយល់ពីសិទ្ធិរបស់គាត់ នៅក្នុងជំពូកទី៣ មាត្រា៣០ ដល់មាត្រា៥០ ហ្នឹង អំពីសិទ្ធិពលរដ្ឋនៅក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស អនុវត្តគោលការណ៍នីតិរដ្ឋ នៃនីតិប្រតិបត្តិ នីតិតុលាការ នីតិប្បញ្ញតិ្ត នៃរដ្ឋសភា ដើម្បីតុល្យភាពនៃអំណាច ការបំពេញឲ្យគ្នា ទៅតាមសេរីពហុបក្ស នៃគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយពេញលេញ ដែលគ្មានការគំរាមកំហែង បំភិតបំភ័យ ក្នុងសិទ្ធិដែលគាត់សម្រេចចិត្តចូលគណបក្សណា បើកគណបក្ស ហើយប្រកួតប្រជែងគ្នាទៅតាមយន្តការនៃរដ្ឋធម្មនុញ្ញ យន្តការនៃច្បាប់របស់ប្រទេសជាតិអ៊ីចឹងទៅ ហើយអារឿងដែលបក្សនយោបាយ ឬក៏បុគ្គលនយោបាយ ឬក៏ក្រុមអនាធិបតេយ្យ ក្រុមជ្រុលនិយមណាដែលបង្កើតមនោគមន៍វិជ្ជាជ្រុលនិយម ហិង្សា អាហ្នឹងវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ វាផ្ទុយនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ គឺយើងមិនអាចទៅគាំទ្របានទេ ។ ដូចគណបក្សជំនាន់ថ្មី យើងមានគោលការណ៍ទាំង១០ គន្លឹះ ដែលយើងគោរពនូវរដ្ឋធម្មនុញ្ញ គោរពច្បាប់ប្រទេស ហើយយកគោលការណ៍ប្រជាធិបតេយ្យ បង្កើតបក្សដើម្បីចូលរួមប្រកួតប្រជែងទៅរកការកាន់អំណាចពេលឈ្នះឆ្នោត ដឹកនាំប្រទេស កសាងប្រទេស ពេលចាញ់ឆ្នោត មានអាសនៈនៅក្នុងសភា យើងបំពេញតួនាទីជាគណបក្សក្រៅរដ្ឋាភិបាល បំពេញឲ្យគ្នា ហ្នឹងករណីទី១ ។ ករណីទី២ គឺយើងបើកបក្ស ដើម្បីបង្រៀនសិទ្ធិពលរដ្ឋ បង្រៀនឲ្យយុវជនហ្នឹងបន្តវេននៃអ្នកនយោបាយជំនាន់ក្រោយបន្តបន្ទាប់ទៅ នៃអ្នកបន្តវេននៃអ្នកនយោបាយវ័យក្មេង យើងមិនមែនបើកបក្ស ដើម្បីប្រកួតស៊ីសាច់ហុតឈាមដោយហិង្សា ឬក៏បំផ្លាញគ្នារវាងសត្រូវបងប្អូនឯង មិនយកខ្មែរណាជាសត្រូវទេ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងអាហ្នឹងគឺក្នុងន័យឯកភាពជាតិអ៊ីចឹង ហើយទំនាស់និន្នាការនយោបាយ គួរតែយើងបញ្ចប់អាវប្បធម៌និទ្ទណ្ឌភាព ភាពគ្មានទោសពៃរ៍ រើសអើងគណបក្សនយោបាយ ទាល់តែពួកឯងមកខាងអញ បានល្អ ឯងមិននៅខាងអញ គឺពួកអាប្រឆាំង យើងអត់ឲ្យបំពេញតួនាទីនៃបក្សក្រៅរដ្ឋាភិបាល បក្សប្រឆាំង បក្សជំទាស់ បក្សក្រៅរដ្ឋាភិបាលហ្នឹង គេគោរពបែបបទនៃច្បាប់ប្រទេស ។ អ៊ីចឹងយើងចេះតែយកអាការដែលយើងនៅខ្លាចគេដណ្ដើមអំណាច នៅខ្លាចគេឈ្នះឆ្នោត នៅខ្លាចអ្វីគ្រប់បែបយ៉ាង ហើយយើងចេះតែថាមិនអាចឯកភាពជាតិបាន ដោយសារយើងប្រើអំណាចហួសព្រំដែន យើងចេះតែគំរាមកំហែងគេ នៅពេលដែលយើងមានអំណាចក្នុងរដ្ឋាភិបាល យើងជាន់ឈ្លីដល់សិទ្ធិដែលធានាការពារដោយរដ្ឋធម្មនុញ្ញ អាហ្នឹងមិនអាចទទួលយកបានទេ ។ អ៊ីចឹងហើយអាហ្នឹងចង់និយាយថា វប្បធម៌ទំនាស់និន្នាការនយោបាយ គួរបញ្ចប់ ហើយបច្ចុប្បន្ននេះប្រទេសជាតិកំពុងតែមានហានិភ័យ មានគ្រោះអាសន្ន មានភាពវឹកវរជាមួយនឹងសត្រូវបរទេស ដែលចង់ឈ្លានពានរំលោភអធិបតេយ្យកម្ពុជា គឺគំនុំនយោបាយ ហើយយើងកុំដើរផ្ទុយនិន្នាការបក្សដែលគោរពច្បាប់រដ្ឋធម្មនុញ្ញ ហើយនិងច្បាប់ប្រទេសជាតិទៅ ពេលណាដែលយើងសហការ ពេលណាដែលត្រូវការបង្ហាញនូវទស្សនៈផ្ទុយគ្នា បក្សខុសគ្នា គឺពេលដែលយើងបោះឆ្នោត ។ បោះឆ្នោត ១អាណត្តិ ៥ឆ្នាំម្ដងហ្នឹង យើងឃោសនាហ្នឹង គឺយើងប្រកួតប្រជែងទស្សនៈ គោលនយោបាយហើយ ប៉ុន្តែយើងឈប់ការបោះឆ្នោត គឺយើងតម្កល់ផលប្រយោជន៍ជាតិ ជាតិរងគ្រោះយ៉ាងម៉េច ពលរដ្ឋជួបការលំបាកបែបណា ដាច់បាយក្រហាយទឹក កសិផលគ្មានទីផ្សារ ចំណាកចោលស្រុក ជំពាក់បំណុលធនាគារអី អាហ្នឹងសុទ្ធតែជាដំណោះស្រាយជាតិ ឯកភាពជាតិគ្នា ដោះស្រាយទៅ អ្វីដែលបក្សណាឈ្នះឆ្នោតកាន់ប្រទេស យើងឃើញល្អ យើងប្រាប់ថាល្អ ធ្វើអ៊ីចឹងត្រឹមត្រូវហើយ បើឃើញអាក្រក់ យើងរិះគន់ស្ថាបនា ហើយយើងឲ្យជាពហុគំនិតទៅ គេយក មិនយក យើងបាននិយាយក្នុងនាមជាអ្នកនយោបាយនៃបក្សក្រៅរដ្ឋាភិបាល កុំឲ្យយើងចេះតែប្រឆាំងៗហើយ អត់មានហេតុផល អត់មានអង្គហេតុ អង្គច្បាប់ អាហ្នឹងក៏វាពិបាកក្នុងការផ្សះផ្សា ឯកភាពជាតិ បង្រួបបង្រួមជាតិដែរ ។ អ៊ីចឹងអាទំនាស់នយោបាយនេះគួរបញ្ចប់ ក្នុងខណៈដែលយើងកំពុងតែឈ្លោះ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា «យើងអត់ចង់ធ្វើសង្រ្គាម យើងអត់ចង់ឈ្លោះជាមួយប្រទេសជិតខាងទេ ចង់បានតែមិត្តភាព ភារតភាព ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សន្តិសុខជាតិ ជំនួញជួញដូរឲ្យគ្នាទៅវិញទៅមក ដែលមិនអាចកាត់ផ្ដាច់បាន ប៉ុន្តែដល់គេជាន់ឈ្លីយើង រំលោភអធិបតេយ្យភាពយើង អាហ្នឹងយើងក៏ត្រូវទប់ទល់ក្នុងផ្លូវច្បាប់ ដើម្បីកុំឲ្យគេមកវ៉ៃតម្លៃប្រទេសជាតិយើង ជាន់ឈ្លីប្រទេសជាតិយើង តាមអ្វីដែលគេរំលោភច្បាប់ជាតិ និងអន្តរជាតិ ។ អាហ្នឹងហើយជារឿងដែលយើងត្រូវបង្ហាញនូវពហុគំនិត ការរួមសាមគ្គី ខ្មែរខ្លាំង ខ្មែរឈ្នះ ហើយយើងមិនចង់ឈ្នះទៅជាន់ឈ្លីគេ ទៅមើលងាយមើលថោកគេ ទៅបំពានគេទេ គឺយើងខ្លាំង ឈ្នះការពារត្រឹមតែអធិបតេយ្យភាពយើង យើងសុខឲ្យជាតិយើង ឲ្យពលរដ្ឋយើង ។ អាហ្នឹងហើយជាគោលការណ៍ដែលខ្ញុំចង់បង្ហាញថា យើងនាំគ្នាឯកភាពជាតិទាំងទស្សនៈ ទាំងគំនិតកែច្នៃ ភាពឆ្លាតវៃ ទោះបីក្នុងគ្រួសារក៏ដោយ ចានក្នុងរាវ វាគង់តែមានការប៉ះ ឮទង្គិច ប្រេះស្រាំទេ ប៉ុន្តែយើងព្យាយាមទប់ស្កាត់ ហើយយើងបង្ហាញ ពេលដែលយើងទប់ទល់ជាមួយបរទេស កុំឲ្យគេដឹងពីការបែកបាក់ផ្ទៃក្នុងជាតិ អាហ្នឹងគេឆក់ឱកាសថែមទៀត គេពង្រឹងភាពខ្លាំងរបស់ប្រទេសគេផង គេប្រើចារកម្ម ចារកិច្ចបែបវិធីសាស្រ្តណាដែលធ្វើឲ្យយើងទន់ខ្សោយម្ខាងទៅម្ខាង អាហ្នឹងហើយដូចមាន់ជល់អ៊ីចឹង បងប្អូនឯងលាបធ្យូង លាបអីទៅ យើងជល់តែគ្នាហ្នឹង វាចំណេញផលប្រយោជន៍គេ» ។
លោកមាជ សុវណ្ណារ៉ា បន្ថែមទៀតថា «អានេះជាបញ្ហាដែលខ្ញុំមានយោបល់ថា សូមឲ្យយកប្រទេសជាតិជាធំ យកប្រជាពលរដ្ឋហ្នឹងជាភាពរឹងមាំ ហើយបង្កើតនូវសកម្មភាពផ្នែកច្បាប់ មានវិន័យសណ្ដាប់ធ្នាប់ ឲ្យគុណតម្លៃគ្នា ជួយគ្នា បំពេញអ្វីជាភាពខ្វះខាតឲ្យគ្នា ជាជាងយើងបំផ្លាញគ្នា ក្នុងផលប្រយោជន៍ដែលមិនរីកចម្រើន ហើយធ្វើឲ្យបរទេសគេមើលងាយ បាត់នូវសេចក្ដីថ្លៃថ្នូរ កិត្តិយស កេរ្តិ៍ឈ្មោះ កិត្យានុភាពរបស់កម្ពុជា ពីដើមទីនៃអតីតកាលប្រវត្តិសាស្រ្តបែបណា ហើយនិងទៅខាងមុខហ្នឹង វានឹងជួបនូវហានិភ័យបែបណា សុទ្ធតែជាការឲ្យគុណតម្លៃគ្នាទេ ។ បើយើងនៅតែបែកបាក់គ្នា នៅតែឈ្នះចាញ់នៃគំនុំបុគ្គល ខ្ញុំថា វាអត់សុខទេសម្រាប់ជាតិខ្មែរមួយនេះ ព្រោះយើងកំពុងទន់ខ្សោយទាំងសេដ្ឋកិច្ច ទន់ខ្សោយទាំងនីតិរដ្ឋ អំណាចហួសព្រំដែនអីផង ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិគេមើលឃើញ អ៊ីចឹងហើយប្រទេសជិតខាងដូចយួន ដូចសៀមហ្នឹង យើងកុំទៅនិយាយប្រទេសឡាវ យួនសៀមហ្នឹង តើគេមើលងាយយើងប៉ុនណា? គេខ្ចីប្រទេសយើងធ្វើសេដ្ឋកិច្ច ហើយយើងខ្ចីដង្ហើមគេដកបែបណា ដោយសារតែយើងមិនអភ័យទាន មិនអត់ឳនឲ្យគ្នា អធ្យាស្រ័យ សន្ដោសប្រណី យើងប្រើប៉ះដៃ យកដៃ ប៉ះជើង យកជើង យើងយកអំណាចហួសព្រំដែននៃស្ថាប័នជាតិ យកបក្សធំ រើសអើងមនុស្សឲ្យប្រកាន់ឈ្លោះគ្នា សូម្បីតែបងប្អូនបង្កើត គ្រាន់តែមាននិន្នាការបក្សខុសគ្នា ក៏លែងរាប់រកគ្នា កាត់កាល់ពូជពង្សអីអ៊ីចឹង ខ្ញុំថា វាជារឿងអាក្រក់មើល ដែលកម្ពុជា អ្នកដឹកនាំនៃអ្នកបន្តវេនបក្សកាន់អំណាច ក៏ដូចជាអ្នកជំនាន់ថ្មី នៃបក្សក្រៅរដ្ឋាភិបាល យើងត្រូវបង្ហាញនូវចំណេះជំនាញ បញ្ញាញាណ ភាពឆ្លាតវៃ កែច្នៃបែបណា ដើម្បីសន្តិភាពផ្លូវចិត្ត ផ្លូវកាយ ផ្លូវវាចា ហើយយើងធ្វើការជាមួយគ្នា ដើម្បីតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្ត យើងឈ្លោះគ្នាគោលនយោបាយ សត្រូវគោលនយោបាយមុនការបោះឆ្នោត៥ឆ្នាំម្ដង តែយើងបោះឆ្នោតហើយ អ្នកឈ្នះៗដោយថ្លៃថ្នូរ អ្នកចាញ់ៗដោយអស់ចិត្ត ហើយធ្វើការជាមួយគ្នាខ្មែរតែមួយ“ ។

ដោយឡែក លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ថា ពិតជាចាំបាច់ណាស់ ដែលខ្មែរ ត្រូវផ្សះផ្សា ឯកភាពជាតិ បញ្ចប់ទំនាស់នយោបាយ និន្នាការនយោបាយ ផ្ទៃក្នុងរបស់ខ្មែរ ជាមុន ដើម្បីឈានទៅទប់ស្កាត់បរទេសឈ្លានពាន ព្រោះបើកាលណានៅតែឈ្លោះគ្នាឯង វាប្រៀបដូចជាច្រែះស៊ីដែក ដែលស៊ីយូរៗទៅ ពុកផុយ រលាយដែកអស់ ។
លោកម៉ែន ណាត បានមានប្រសាសន៍ថា “ជាការពិតហើយ ដើម្បីឯកភាពជាតិបាន យើងទៅមើលបុព្វកថានៃរដ្ឋធម្មនុញ្ញ កថាខណ្ឌទី៣ និយាយអំពីការផ្សះផ្សាឯកភាពជាតិ និងជំរុញការការពារបូរណភាពទឹកដីកម្ពុជាឲ្យបានថ្កុំថ្កើងរុងរឿង ។ អ៊ីចឹងអាចំណុចកថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាបច្ចុប្បន្នហ្នឹង គួរណាស់តែមេដឹកនាំហ្នឹងមើលហើយមើលទៀត ព្រោះអាហ្នឹងវាជាចំណុចផ្ដួចផ្ដើមគំនិតផ្សះផ្សាជាតិយ៉ាងសំខាន់ ។ អ៊ីចឹងដើម្បីទប់ស្កាត់បរទេសជិតខាងឈ្លានពាននេះ មានទាំងវៀតណាម មានទាំងថៃអីជាដើមហ្នឹង គឺចាំបាច់ណាស់ យើងត្រូវផ្សះផ្សា ឯកភាពជាតិជាមុន ទំនាស់នយោបាយ និន្នាការនយោបាយ ផ្ទៃក្នុងរបស់ខ្មែរហ្នឹង ល្មមឈប់បាន ឈប់ទៅ វាមិនល្អសម្រាប់ជាតិសាសន៍ខ្លួនឯង ។ កាលណាឈ្លោះគ្នាឯងអ៊ីចឹង ប្រៀបដូចជាច្រែះស៊ីដែកអ៊ីចឹង ។ ចែ្រះស៊ីដែក ដែកនិងច្រែះហ្នឹង គឺជាប្រភេទតែមួយទេ ច្រែះក៏ដែក ដែកក៏ច្រែះ អ៊ីចឹងស៊ីយូរៗទៅ ច្រែះហ្នឹងនឹងស៊ីដល់អស់ដែកហ្នឹង ពុកអស់ ប៉ះបន្តិចរលាយខ្សុរ ។ អ៊ីចឹងបានន័យថា ទំនាស់ផ្ទៃក្នុង ទំនាស់ឲ្យស្រួចស្រាល់មែនទែនទៅ បែកបាក់គ្នាអ៊ីចឹងទៅ ហើយបរទេសជិតខាងហ្នឹងប្រើល្បិចកលគ្រប់បែបយ៉ាង ទាំងវៀតណាម ទាំងយួន ដែលវាមានក្នុងប្រវត្តិសាស្រ្តយើងកន្លងទៅហ្នឹង គឺជ្រៀតជ្រែកកម្ពុជា រួចស៊ីរូងកម្ពុជា កាត់ក្រីដីកម្ពុជា យើងអស់មិនចេះតិច ទឹកដីព្រៃនគរយើងទាំងមូល គឺយួនគ្រប់គ្រងទាំងស្រុង ហើយទឹកដីមួយចំនួនទៀតនៅភាគខាងលិច ថៃ គ្រប់គ្រងទាំងស្រុង» ។

លោកម៉ែន ណាត បន្តថា «អ៊ីចឹងហើយបានថា ត្រូវមានការផ្សះផ្សាជាតិទៅ វាសំខាន់ ។ បើមេដឹកនាំកម្ពុជា ទម្លាក់ចោលនូវគំនិតមានះហ្នឹង ទម្លាក់ចោលបន្តិចម្ដងៗទាំងសងខាងទៅ ជាពិសេសមេដឹកនាំរដ្ឋាភិបាលកម្ពុជា ហ្នឹងត្រូវទម្លាក់ចោល រួចហៅអំពាវនាវរកការផ្សះផ្សាជាតិ កុំនិយាយតែមាត់ ។ កន្លងទៅ និយាយតែបបូរមាត់ទេ ប៉ុន្តែជាក់ស្ដែងហ្នឹងអត់មានផ្សះផ្សាជាតិទេ គឺមានតែចាប់មនុស្សដាក់គុកបន្ថែម ចំពោះអ្នកណាដែលមានទស្សនៈប្រឆាំងនឹងគោលការណ៍របស់គណបក្សកាន់អំណាច អាហ្នឹងវាមិនត្រូវ វាបញ្ច្រាសនឹងរដ្ឋធម្មនុញ្ញ វាបញ្រ្ចាសកិច្ចព្រមព្រៀងក្រុងប៉ារីស ។ អ៊ីចឹងដើម្បីឲ្យផ្សះផ្សាពិតប្រាកដមែន កុំនិយាយតែមាត់ ត្រូវធ្វើឲ្យជាក់ស្ដែង ហើយត្រូវដោះលែងអ្នកនយោបាយ ដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ទៅ រកការផ្សះផ្សាទៅ ខ្ញុំគិតថា មិនពិបាកនិយាយគ្នាទេ ក្នុងខណៈពេលដែលយើងកំពុងតែមានរឿងរ៉ាវជាមួយថៃ ហើយប្រជាពលរដ្ឋខ្មែរ ទាំងយើង ទាំងគេហ្នឹង គឺគាំទ្ររដ្ឋាភិបាលកម្ពុជា ឲ្យប្ដឹងប្រទេសថៃ ជាពិសេសបច្ចុប្បន្នហ្នឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ ឲ្យបានលឿនបំផុត“ ៕ កុលបុត្រ