Loading...

លោកសម រង្ស៊ី មិនបានចូលរួមពិធីបូជាសពម្ដាយក្មេក

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦​ | នយោបាយ | | 0 | ម៉ោង 6:06 am

ភ្នំពេញៈ ប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានអវត្តមានក្នុងពិធីបូជាសពម្ដាយក្មេក ដោយលោកមិនទាន់មានឪកាសវិលត្រឡប់ចូលស្រុកវិញដោយស្របច្បាប់បាន គឺកំពុងបន្តនិរទេសខ្លួននៅក្រៅប្រទេស ។
សពឧបាសិកាមាសកេត សមភ័ត្រ ភរិយារបស់ឥស្សរជននយោបាយកម្ពុជា ក្នុងទសវត្សឆ្នាំ១៩៥០ និង១៩៦០ ត្រូវបានបូជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រៅពីអវត្តមានលោកសម រង្ស៊ី ជាកូនប្រសា ក៏មានសែរាជវង្ស ដូចជា ព្រះអង្គម្ចាស់ នរោត្តម សេរីវុឌ្ឍ ព្រះអង្គម្ចាស់ នរោត្តម បុប្ផាទេវី តំណាងរាស្ត្រ និងឥស្សរជននយោបាយ ជាច្រើនរូប បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបូជាសពនោះ ។
ការអវត្តមានរបស់លោកសម រង្ស៊ី ក៏បានធ្វើឡើងក្រោយពេលដែលលោកបានផ្ញើលិខិតទៅប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ឲ្យលោកបានវិលចូលស្រុកវិញ ចូលរួមបុណ្យសពម្ដាយក្មេក ។ ប៉ុន្តែនៅទីបំផុត នៅថ្ងៃបូជាសពម្ដាយក្មេកនោះ មិនមានវត្តមានរបស់លោកសម រង្ស៊ី ។

02
មជ្ឈដ្ឋានតាមដានសង្គម បានលើកឡើងថា ការអវត្តមានរបស់លោកសម រង្ស៊ី ក្នុងពិធីបុណ្យសព និងថ្ងៃបូជាសពម្ដាយក្មេកនោះ ជាការគួរឲ្យសោកសៅ ។ មជ្ឈដា្ននទាំងនោះ បានយល់ឃើញថា ស្ថានភាពរបស់លោកសម រង្ស៊ី ពិតជាប្រឈមនឹងការចាប់ខ្លួនដោយអាជ្ញាធរកម្ពុជា គ្រប់ពេល បន្ទាប់ពីតុលាការរាជធានីភ្នំពេញ ផ្ដន្ទាទោសលោកពីករណីផ្សេងៗគ្នា ។
គួរបញ្ជាក់ថា ឧបាសិកាមាសកេត សមភ័ត្រ ម្ដាយក្មេកលោកសម រង្ស៊ី បានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយរោគាពាធ និងបានតម្កល់ធ្វើបុណ្យអស់រយៈពេល៣ថ្ងៃ មុនធ្វើការបូជាសព ។
ក្រោយបូជាហើយរួចរាល់ នៅថ្ងៃដដែលនោះ អដ្ឋិធាតុរបស់ឧបាសិកាមាសកេត សមភ័ត្រ ត្រូវបានលោកស្រីជូឡុង ស៊ូមួរ់ា ភរិយាលោកសម រង្ស៊ី និងក្រុមគ្រួសារ នាំយកតាមទូកទេសចរណ៍ ទៅដាក់ក្នុងទន្លេចតុមុខ ។
លោកសម រង្ស៊ី បានត្រឹមតែបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ស្ដីពីសកម្មភាពដង្ហែសព និងបូជាសពម្ដាយក្មេក នៅថ្ងៃនោះ ដោយមិនបានមកចូលរួមដោយផ្ទាល់ ។
បើតាមហ្វេសប៊ុករបស់លោកសម រង្ស៊ី នៅថ្ងៃទិ២៦ ខែវិច្ឆកា ឆ្នាំ២០១៦ បានឲ្យដឹងថា ឧបាសិកាមាសកេត សមភ័ត្រ កាលពីនៅរស់ ជាភរិយាសម្តេចចក្រី ញឹក ជូឡុង ដែលបានទទួលមរណភាព កាលពីឆ្នាំ 0023១៩៩៦ ។ សម្តេចចក្រី ញឹក ជូឡុង និងលោកស្រីមាសកេត សមភ័ត្រ មានកូន ៧ នាក់ ស្រីទាំងអស់ ។ ក្នុងនោះ លោកស្រីជូឡុង សូមួរ៉ា ភរិយារបស់លោកសម រង្ស៊ី ជាបុត្រីទី៤ ៕