Loading...

រាជធានីភ្នំពេញ នឹងសង់ស្ពានអាកាសពីរទៀត

​ Seyha Hem​​ | ថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 7:47 am

សាលារាជធានីភ្នំពេញ មានគម្រោងធ្វើការសាងសង់ស្ពានអាកាស ចំនួនពីរបន្ថែមទៀត នៅឯតំបន់រង្វង់មូលចោមចៅ និងតំបន់ប្រសព្វផ្លូវ៦០ម៉ែត្រ ជាមួយនឹងផ្លូវ២៧១ នាពេលខាងមុខឆាប់ៗនេះ បន្ទាប់ ពីពិនិត្យឃើញតំបន់ទាំងពីរខាងលើនេះមានស្ថានភាព នៃការកកស្ទះ ចរាចរណ៍កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ…។

បច្ចុប្បន្ន ស្ថានភាពចរាចរណ៍នៅចំណុចរង្វង់មូល ចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ និងតំបន់ប្រសព្វផ្លូវ៦០ម៉ែត្រ ជាមួយនឹងផ្លូវ២៧១ ជាប់ព្រំប្រទល់រវាងខណ្ឌចំការមន និង ខណ្ឌមានជ័យ មានសភាពកកស្ទះចរាចរណ៍កាន់តែខ្លាំងឡើងៗ ដោយសារថា ពីមួយថ្ងៃទៅមួយថ្ងៃ កំណើននៃមធ្យោបាយក្នុងការធ្វើដំណើរ រួមមានដូចជា ម៉ូតូ និងរថយន្តជាដើមកំពុងតែមាន សន្ទុះកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់នៅឯតំបន់ទាំងនោះ។

លោកឃួង ស្រេង

ដើម្បីដោះស្រាយបញ្ហានៃការស្ទះចង្អៀតនេះ សាលារាជធានីភ្នំពេញ ក៏បានដាក់ចេញនូវគម្រោង នៃការស្ថាបនាស្ពាន អាកាសនៅឯតំបន់ទាំងពីរខាងលើនេះ ក្រោមក្តីរំពឹងថា គេអាច សម្រួលបានដល់ការធ្វើចរាចរទៅមកឆ្លងកាត់លើកំណាត់ផ្លូវ ទាំងនេះមានភាពរលូន និងមិនប្រឈមជាមួយនឹងការកកស្ទះ ដូចជាពេលមុនទៀត។
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តំបន់ចោមចៅ និងតំបន់ ប្រសព្វផ្លូវ៦០ម៉ែត្រ ជាមួយនឹងផ្លូវ២៧១ អាចនឹងមានស្ពានអាកាស និងផ្លូវ ក្រោមដីក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និង កំណើនយានយន្ត ដែលកំពុងតែមាននៅក្នុងរាជធានី នាពេលបច្ចុប្បន្ន។

លោកឃួង ស្រេង បានឱ្យដឹងបន្តទៀតថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី នៃតំបន់ភាគខាងលិច និងតំបន់ភាគខាងត្បូងរាជធានី ទាំងពីរកន្លែង នេះនឹងជួយសម្រួលធ្វើឱ្យច្រកចេញចូលមកកាន់តំបន់កណ្តាលក្រុងមានភាពរលូន  ហើយឈប់ប្រឈមជាមួយនឹងការកកស្ទះ ដូចដែលកំពុងកើតមាននាពេលសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន រាជធានីភ្នំពេញ ដែលមានប្រជាជនរស់នៅអចិន្ត្រៃយ៍ ប្រមាណជាង៣លាននាក់ បាននិងកំពុងប្រឈមជាមួយនឹងការកកស្ទះចរាចរ ជារៀងរាល់ថ្ងៃ ជាពិសេស គឺតំបន់ច្រកចេញចូល សំខាន់ៗមកកាន់តំបន់ភាគកណ្តាល រាជធានី តួយ៉ាងដូចជាតំបន់ចោមចៅ និងតំបន់ផ្លូវប្រសព្វ៦០ម៉ែត្រនេះ ជាដើម។
កាលពីប៉ុន្មានឆ្នាំមុននេះ ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ នៅ លើដងផ្លូវនានាមួយចំនួនក្នុងក្រុង សាលារាជធានីភ្នំពេញ ដែលមានការបើកភ្លើង ខៀវពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ផងនោះ បានសាងសង់ស្ពានអាកាសចំនួន៥កន្លែងរួចមកហើយ ដោយក្នុងនោះ ស្ពានចំនួន៤កន្លែង បានដាក់ឱ្យដំណើរការប្រើបាស់ជាផ្លូវការ និង១កន្លែងកំពុងស្ថិតនៅក្នុងដំណាក់កាល នៃ ការសាងសង់នៅឡើយ។
ស្ពានអាកាស និងផ្លូវវាងក្រោមដី គឺជាដំណោះស្រាយដ៏ល្អ ក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលសាលារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលបានប្រកាន់យកនៅ ក្នុងពេលកន្លងមក។

កាលពីពេលកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានប្រកាសថា  រាជរដ្ឋាភិបាលនឹងបន្តធ្វើការសាងសង់ស្ពានអាកាស និងផ្លូវវាងក្រោមដី នៅក្នុងរាជធានីភ្នំពេញ បន្ថែមទៀត ប្រសិនបើស្ថានភាពនៃការកកស្ទះចរាចណ៍នៅលើដងផ្លូវសាធារណៈនានានៅតែ បន្តមានតទៅទៀតដូចជាពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្ន ការសាងសង់ស្ពានអាកាស និងផ្លូវវាងក្រោមដី បានទទួលការអបអរសាទរពីប្រជាពលរដ្ឋ និង សង្គមស៊ីវិលផងដែរ ខណៈដែលស្ពាន និងផ្លូវទាំងនេះ ដែលបានធ្វើរួចនាពេលកន្លងមក បានដោះស្រាយ និង បញ្ជៀសបាននូវការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។

កាលពីពេលមុននេះ កញ្ញាសាន សុជាតា អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ បាននិយាយថា ការសាងសង់ស្ពានអាកាស គឺអាចជួយបានការប៉ះទង្គិច គ្នារវាងអ្នកដែលធ្វើដំណើរនៅលើដងផ្លូវខ្វែងគ្នាមិន ឱ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើង ពីព្រោះថា អ្នកធ្វើដំណើរម្ខាង គេនៅខាងលើស្ពាន ហើយអ្នកដំណើរម្ខាងទៀត គេនៅលើផ្លូវរាបធម្មតា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាងបានរំលឹកថា ស្ពានអាកាស ដែលបានដាក់ឱ្យដំណើរការក្នុងរយៈពេលកន្លងមក ហាក់មិនបានគិតទៅដល់បញ្ហារបស់អ្នកដែលធ្វើ ដំណើរថ្មើរជើងធម្មតាទេ។
កញ្ញាសាន សុជាតា បានបន្តទៀតថា ការសាងសង់ស្ពានអាកាសទាំងនេះ អ្នកសាងសង់ ហើយនិង អាជ្ញាធរគួរតែគិតបញ្ចូលទៅដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើស្ពាននេះ ឱ្យមានផ្លូវសម្រាប់អ្នកថ្មើរជើងដើរឆ្លងកាត់ផង ព្រោះថា ទិន្នន័យស្តីពីគ្រោះថ្នាក់ចរាចរណ៍បង្ហាញថា មានអ្នកស្លាប់ដល់ទៅចំនួន ១២ភាគរយ គឺសុទ្ធតែជាអ្នកថ្មើរជើង។

កញ្ញាសាន សុជាតា បានសង្កត់ធ្ងន់ថា “យើង ស្វាគមន៍ចំពោះគម្រោងស្ពានអាកាសថ្មីៗ ប្រសិនបើ ការសាងសង់ត្រូវបានគេគិតបញ្ចូលនូវបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដែលធានាដល់សុវត្ថិភាពរបស់អ្នកធ្វើ ដំណើរថ្មើរជើង បូករួមជាមួយបញ្ហានៃការរំដោះ ភាពកកស្ទះយានយន្ត ដែលកំពុងតែមានកំណើនឡើង យ៉ាងខ្លាំងនេះ”…៕