ខេត្តបាត់ដំបង ៖ ករណីប្លន់ដ៏សាហាវមួយ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ដោយបុរសជាអ្នករត់ម៉ូតូម្នាក់ ត្រូវជនសង្ស័យយកខ្សែរឹតកប្លន់យកម៉ូតូ នៅចំណុចផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងក្រុមទី០២ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
បុរសរងគ្រោះ មានឈ្មោះម៉ុត ហ៊ាន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង របួសស្រាលត្រង់ក ចំណែកជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដោយសារចំណុចកើតហេតុខាងលើជាកន្លែងស្ងាត់ គេឃើញមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2015ពាក់ស្លាកលេខបាត់ដំបង1V-2042 ឌុបបុរសម្នាក់ ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែអ្នកជិះពីក្រោយ (ជនសង្ស័យ) បានឲ្យអ្នករត់ម៉ូតូឌុបឈប់ រួចយកខ្សែរឹកកបុរសរត់ម៉ូតូឌុបនោះអូសចូលព្រៃ រួចក៏រត់មកឡើងម៉ូតូជិះយកទៅបាត់តែម្តង។
ដោយឡែក បើតាមការបំភ្លឺពីជនរងគ្រោះបានប្រាប់ថា “នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បានហៅម៉ូតូរបស់ខ្លួន ឲ្យឌុបពីចំណុចផ្លូវកែងចូលទៅឃុំជ្រៃ ស្ថិតនៅក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ទៅភូមិរលួស ឃុំមោង ស្រុកមោងឫស្សី លុះមកដល់ចំណុចកើតហេតុដែលជាកន្លែងស្ងាត់ ជនសង្ស័យបានប្រាប់ខ្លួនឲ្យឈប់ម៉ូតូ រួចក៏ធ្វើសកម្មភាពយកខ្សែអង្រឹងរឹតកខ្លួន អូសចូលក្នុងស្រែ ចម្ងាយប្រហែល១០ម ហើយជនសង្ស័យក៏យកម៉ូតូខ្លួនជិះគេចឆ្ពោះទៅផ្លូវជាតិបាត់។
បច្ចុប្បន្ន ជនសង្ស័យបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ហើយសមត្ថកិច្ចបាននឹងកំពុងកំណត់មុខសញ្ញា ចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕