ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏បានដើរទៅយកក្បាលគ្រាប់ប្រភេទ B៤០ មកធ្វើការកែច្នៃ និងថែមទាំងបានហៅប្រពន្ធមកអង្គុយមើលទៀតផង តែប្រពន្ធមិនហ៊ានអង្គុយមើល ក៏រត់ទៅហៅអ្នកភូមិឱ្យមកជួយឃាត់ប្តី ស្រាប់តែអកុសល អ្នកភូមិមកមិនទាន់ដល់ផង គ្រាប់នោះក៏បានផ្ទុះកក្រើក ធ្វើឱ្យអំបែងគ្រាប់ជះមកត្រូវពេញខ្លួនបុរុសជាប្តី បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។
ករណីបុរសស្រវឹងអង្គុយច្នៃគ្រាប់ខុសបច្ចេកទេស បណ្តាលឱ្យផ្ទុះរងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោមរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។
បុរសរងគ្រោះខាងលើ មានឈ្មោះលេង បូណា អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានស្ត្រីជាប្រពន្ធ រួមនឹងអ្នកជិតខាង ប្រញាប់ជួយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែក ស្រុកជាំក្សាន្ត។ លុះបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យពិនិត្យឃើញសភាពរបួសធ្ងន់ធ្ងរពេក ទើបសម្រេចបញ្ជូនបន្ត ទៅកាន់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះបន្តវិញ។
តាមការបង្ហើបប្រាប់ពីអ្នកជិតខាង បានឱ្យដឹងថា កន្លងមក បុរសរងគ្រោះនិងប្រពន្ធ ឧស្សាហ៍កើតមានជម្លោះនឹងគ្នាខ្លាំងណាស់ ហើយឱ្យតែកើតមានជម្លោះម្តងៗ បុរសជាប្តីតែងតែយកគ្រាប់មកគប់ប្រឡែងលេងគំរាមប្រពន្ធជាញឹកញាប់ ពិសេសតែងប្រើហិង្សាបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះរាប់មិនអស់ រហូតដល់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានដកហូតគ្រាប់ចាស់ចំនួន៣គ្រាប់ និងចាប់ខ្លួនបញ្ជូនទៅធ្វើកិច្ចសន្យានៅអធិការរដ្ឋាននគរបាល រួចម្តងហើយ តាមបណ្តឹងរបស់ប្រពន្ធ៕